ខេត្តស្វាយរៀង៖នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ។

សិក្ខាសាលានេះមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ ប្រតិភូរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន,ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ,ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ,ឯកឧត្តម លោក លោកស្រីប្រតិភូក្រសួង ស្ថាប័នពាក់ព័ន្ធ,ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត,លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត ,លោកឧត្តមសេនីយ៍កងកម្លាំងប្រដាប់អាវុធទាំងបី,លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត,លោកអភិបាលក្រុង ស្រុកទាំង៨,ប្រធាន អនុប្រធានច្រកទ្វារព្រំដែនក្នុងខេត្ត,លោក លោកស្រី នាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត,លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតសរុបប្រមាណ៦០០នាក់។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ក្នុងក្របខណ្ឌយុទ្ធសាស្រ្ដ នៃការអភិវឌ្ឍនៅតំបន់ព្រំដែន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងការប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ បានបង្កភាពអនុគ្រោះ និងលក្ខណៈអំណោយផលយ៉ាងធំធេង ធ្វើឲ្យខេត្តស្វាយរៀង ធ្លាប់ជាខេត្តជាប់ព្រំដែនធម្មតាដែលមានសកម្មភាព សេដ្ឋកិច្ចតិចតួច ក្លាយជាខេត្តបោះជំហានឈានមុខមួយក្នុងកិច្ចការអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែន តាមរយៈការបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេសនៅឆ្នាំ២០០៥ និងជាបន្ដបន្ទាប់មានការអភិវឌ្ឍវិនិយោគបង្កើតជារោងចក្រ សហគ្រាស សណ្ឋាគារ និង កាស៊ីណូជាច្រើនកន្លែង ធ្វើឲ្យតំបន់ព្រំដែន ដែលធ្លាប់តែស្ងប់ស្ងាត់ ក្លាយទៅជាទីប្រជុំជន មានការរីកចម្រើនយ៉ាងឆាប់រហ័ស និងឥតឈប់ឈរ ទាំងវិស័យសេដ្ឋកិច្ច សង្គម ពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសការកសាង ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅតាមព្រំដែន ដែលជាសរសៃឈាមជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ។

ឯកឧត្តមបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្តពិតជាមានការជឿជាក់ថា តាមរយៈសិក្ខាសាលាផ្សព្វផ្សាយស្ដីពីកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ដ៏មានសារៈសំខាន់នៅថ្ងៃនេះ នឹងពិតជាផ្ដល់នូវចំណេះដឹងថ្មីៗដែលនឹងជួយបង្កើនការយល់ដឹងបន្ថែមដល់មន្ត្រី នៅថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងកិច្ចការព្រំដែន ទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេសលើការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ហើយសង្ឃឹមថា អង្គ- សិក្ខាសាលានឹងបន្ដធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយបន្ថែមទៀត ក្នុងគោលដៅបញ្ឈប់ឲ្យមានការចាញ់បោក ការឃោសនាញុះញង់ ពីក្រុមជនអគតិ ដែលតែងលើកយកបញ្ហាព្រំដែន មកវាយប្រហារ លើរាជរដ្ឋាភិបាលកម្ពុជា បន្ដទៅទៀត ៕គឹមសេង



