ដំឡូងមីដាំដីខ្មៅមានហាងឆេងជាងដំឡូងមីដាំដីក្រហម ខណៈដំឡូងមីដាំដីខ្មៅមិនប្រឡាក់មានម្សៅល្អ

ខេត្តរតនគិរី÷ លោក ហេង សេងលី ជាឈ្មួញកណ្តាល មានទីតាំងឈរចាំទទួលទិញដំឡូងមីក្រៀម នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិ១(តាស៊ុយ)សង្កាត់កាចាញ ក្រុងបានលុង បានបញ្ជាក់ថា សព្វថ្ងៃនេះលោកបានទិញតែដំឡូងមីក្រៀម ឯដំឡើងមីស្រស់ លោកមិនបានទិញទេ ហើយលោកទិញតែដំឡូងមីណាដែលដាំដុះនៅដីខ្មៅ ដោយសារដំឡូងមីដែលដាំដុះនៅដីក្រហម លក់ទៅឲ្យឈ្មួញវៀតណាមមិនចង់ទិញនោះទេ លោកមិនដែលសូវទិញដំឡូងមីដែលដាំនៅដីក្រហម គេថាគគ្រិចពេក។ បើទិញដំឡូងមីដាំដីក្រហមក្នុងតម្លៃទាប។

លោក ហេង សេងលី បានបញ្ជាក់ទៀតថា ការទិញដំឡូងមីក្រៀមដែលដាំដុះនៅដីខ្មៅ គឺទិញក្នុងតម្លៃ ១គីឡូក្រាម ៥៥០រៀល រីឯដំឡើងមីដែលដាំនៅដីក្រហម ក្នុង១គីឡូក្រាម តម្លៃ៥០០រៀល ខណៈដំឡូងមីដាំនៅដីក្រហមនោះវៀតណាមថា មិនសូវមានម្សៅមីហើយប្រឡាក់ទៀត។ប្រជាកសិករដឹកដំឡូងមីលក់ឲ្យលោក តាមកាឡេផង និងតាមគោយន្តកែច្នៃ មកពីតាមបណ្ដាឃុំ,ស្រុកក្នុងខេត្ត ដឹកយកមកលក់ដល់ផ្ទះ។

លោកទិញដំឡូងមីក្រៀមក្នុងមួយថ្ងៃបានប្រមាណ ៧០ ទៅ ៨០តោន ហើយលោកដឹកយកទៅលក់បន្តនៅតាមច្រកដូង នៃខេត្តត្បូងឃ្មុំ។ហើយលោកបានប្រៀបធៀបទៅនិងឆ្នាំ២០២៤ តម្លៃដំឡូងមីក្រៀមក្នុង១គីឡូក្រាម ៧៨០រៀលទៅដល់៨០០រៀល ខណៈឆ្នាំ២០២៥នេះ តម្លៃដំឡូងមីក្រៀម ក្នុង១គីឡូក្រាម ៥៥០រៀល។

លោក សែម សារឿន ប្រធានការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាព កសិកម្ម នៃមន្ទីរកសិកម្មខេត្តរតនគិរី បានឲ្យដឹងតាមប្រព័ន្ធទូរស័ព្ទនៅរសៀលថ្ងៃទី១៦កុម្ភ: ថា កត្តាដំឡើងមីធ្លាក់ថ្លៃនេះ ដោយសារយើងពឹងផ្អែកទៅលើឈ្មួញចិននិងវៀតណាមទាំងស្រុង ដោយសារខាងឈ្មួញចិននិងវៀតណាមគេមិនបើកទ្វារឲ្យយើង ទើបយើងអត់មានតម្លៃ យើងអត់មានសមត្ថភាពក្នុងការកែច្នៃ ខាងរោងចក្រ ជា ទូច វិញ គាត់បានកិនម្សៅពាក់កណ្ដាលសម្រេច បើចិនអត់យើងគឺយ៉ាប់។

ក្នុងនោះក្រុមហ៊ុន ជា ទូច នៅស្រុកអូរយ៉ាដាវ ទីផ្សារចិនគេឲ្យ៩០%ហើយ ហើយវៀតណាមនៅសល់ដំឡូងមីខ្លះដែរ។

លោក សែម សារឿន ប្រធានការិយាល័យក្សេត្រសាស្ត្រកសិកម្មបានបញ្ជាក់ថា ទីផ្សារធ្លាក់ចុះនៃដំឡូងមីនោះ លោកមិនអាចជួយបាននោះទេ ទាល់តែប្រមុខរាជរដ្ឋាភិបាល ទើបអាចជួយបាន។

ដោយឡែកដំឡូងមីដែលដាំនៅដីខ្មៅនិងដីក្រហម ពាក់ព័ន្ធនិងគុណភាពម្សៅ ការប្រមូលផលមកវាបានស្អាតជាង បើដីក្រហមប្រមូលផលមក វាប្រឡាក់ប្រ ឡូកគុណភាពមិនសូវល្អជាងនិងដីខ្មៅទេ។ ហើយដំឡូងមីស្រស់ក្នុង១គីឡូ ក្រាម តម្លៃ១៨០ ទៅ ២២០រៀល។ចំណែកដំឡូងមីក្រៀមក្នុង១គីឡូក្រាម តម្លៃ៥៥០រៀលទៅ៥៦៥រៀល។

លោកថា ការប្រមូលផលរបស់ប្រជាកសិករដាំដំឡូងមីឆ្នាំនេះបានប្រមាណជា ៨០% ហើយ។ ហើយការដាំដុះដំឡូងមី របស់ប្រជាកសិករនៅក្នុងខេត្តរតនគីរីនេះ មានផ្ទៃដីចំនួន១៨,៣០៨ហិកតា៕

Written by 

Related posts

Leave a Comment