រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ

ខេត្តរតនគិរី៖ លោក គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីអមដំណើរដោយលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យស្ពានដែកបាឡេមួយកន្លែង ជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋស្រុកលំផាត់ និងស្រុកកូនមុំ ដែលកងកម្លាំងវិស្វកម្មសម្រេចការសាងសង់រួចរាល់ជាស្ថាពរ។

នៅក្នុងឱកាសនេះ លោក គួច វែងស្រ៊ុន បានលើកឡើងថា ឆ្លើយតបទៅនឹងសំណូមពរនិងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងស្រុកលំផាត់ និងស្រុកកូន​មុំខេត្តរតនគិរី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងឱកាសអញ្ជើញ សម្ពោធ ទំនប់អូរតេធិបតីនៅខេត្តមណ្ឌលគរី កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤កន្លងទៅ សម្តេចធិបតីសម្រេចឲ្យកងវិស្វកម្ម និងក្រសួងអភិវឌ្ឍន៍ជនបទ ចុះសិក្សាសាងសង់ស្ពានដែកបាឡេជូនដល់ប្រជាពលរដ្ឋ ទាំងពីរស្រុកទុកជាចំណងដៃតែម្តង ដែលមានបណ្តោយ ២៧ម៉ែត្រ ទទឹង៤, ០២ម៉ែត្រ។ ពោល គឺទីណាដែលមានប្រជាពលរដ្ឋជួបការលំបាក ទីនោះគឺត្រូវបានគិតគូរយកចិត្តដោះស្រាយ ពីសំណាក់រាជរដ្ឋាភិបាលជាជានិច្ច។

បច្ចុប្បន្នស្ពាននៅចំណុចអូរទទឹង ស្ថិតក្នុងភូមិសាស្រ្ត ភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់ និងភូមិនាងដី ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ត្រូវបានកងវិស្វកម្មបានសាងសង់រួចរាល់ជាស្ថាពរ ដោយប្រើរយៈ ពេលនៃការសាងសង់នេះ ត្រឹម៤៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ចាប់ផ្តើមសាងសង់រហូតដល់បញ្ចប់ជាស្ថាពរថ្ងៃនេះ។ ហើយក្រៅពីការ​ងារសា​ងសង់ស្ពានដែកបាឡេនេះ ក្រុមការងារកងវិស្វកម្ម នូវបានធ្វើការជួសជុលផ្លវចំនួន០១ខ្សែ មានប្រវែង៦,២០០ម៉ែត្រ ទទឹងខ្នងលើ៥ម៉ែត្រផងដែរ។

លោក គួច វែងស្រ៊ុន បញ្ជាក់បន្ថែមថា នៅឆ្នាំក្រោយរាជរដ្ឋាភិបាលនឹងស្ថាបនាផ្លូវកៅស៊ូប្រភេទDBSP ប្រវែង៤៦គីឡូម៉ែត្រ ពីចំណុចស្ពានស្រែពក ផ្លូវជាតិលេខ៧៦ ក្នុងស្រុកលំផាត់ ឆ្ពោះមកផ្លូវជាតិលេខ៧៨ ក្នុងស្រុកកូនមុំ ហើយនឹងត្រូវធ្វើស្ពានបេតុង១ខ្សែ ដែលឆ្លងកាត់ដងអូរទទឹងនេះផងដែរ។

ដូច្នេះ នាពេលអនាគតផ្លូវ និងស្ពាននេះវាគឺជាសមិទ្ធិផលថ្មីមួយទៀត សម្រាប់ខេត្តរតនគិរី និយាយរួម និងនិយាយដោយឡែក សម្រាប់ប្រជាពលរដ្ឋស្រុក ៊លំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី។

ក្នុងឱកាសនេះផងដែរ លោក ញ៉េម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា ផ្លូវនេះមានសារសំខាន់ខ្លាំងណាស់ សម្រាប់បម្រើដល់វិស័យសាធារណៈ និងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ ក្នុងការធ្វើដំណើរឆ្លងកាត់ ចេញចូល ការប្រកបរបរកសិកម្ម ការដឹកជញ្ជូនទំនិញ និងកសិផលនានា ពីទីជនបទដាច់ស្រយាល ទៅកាន់ទីប្រជុំជន។

លោកអភិបាលខេត្តបានគោរពថ្លែងអំណរគុណយ៉ាងយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានផ្តល់ចំណងដៃដ៏ថ្លៃថ្លាជូនប្រជាពលរដ្ឋក្នុងស្រុកទាំងពីរ បានតភ្ជាប់គ្នាសម្រាប់ឆ្លងកាត់ និងដឹកជញ្ជូនភោគផលដំណាំ ជាពិសេស សម្រាប់សិស្សានុសិស្សធ្វើដំណើរទៅសាលារៀន ស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺទៅកាន់មណ្ឌលសុខភាព បានយ៉ាងឆាប់ រហ័ស ជាដើម។ហើយចាប់ពីពេលនេះតទៅប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះលែងព្រួយបារម្ភចំពោះការធ្វើដំណើរឆ្លងកាត់អូរទទឹងនេះទៀតហើយ៕

Written by 

Related posts

Leave a Comment