មន្ត្រីជាន់ខ្ពស់ ទីក្រុង Kyiv កាលពីថ្ងៃសុក្រម្សិលមិញបានព្រមានមួយដោយប្រឆាំងនឹងការចរចាស្តីពីសង្រ្គាមនៅអ៊ុយក្រែនរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីដោយមិនរាប់បញ្ចូលតួនាទីដ៏សំខាន់របស់សហភាពអឺរ៉ុប។ ការថ្លែងបែបនោះបន្ទាប់ពីមេដឹកនាំរុស្ស៊ីលោក Vladimir Putin បានបញ្ជាក់ថាលោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាជាមួយលោក Donald Trump អំពីបញ្ហាបញ្ចប់សង្រ្គាមអ៊ុយក្រែន។
ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនលោក Andriy Yermak បាននិយាយនៅលើ Telegram ថា “លោកពូទីនចង់ចរចាជោគវាសនារបស់អឺរ៉ុបដោយគ្មានអឺរ៉ុប ខណដែលគាត់(ពូ ទីន)ចង់និយាយអំពីអ៊ុយក្រែនដោយគ្មានអ៊ុយក្រែន។ បញ្ហាបែបនេះនឹងមិនអាចកើតឡើងនោះទេ។ ប៉ុន្តែពូទីន ត្រូវតែត្រទ្បប់មករកការពិតវិញ បើមិនដូច្នោះទេ គាត់នឹងត្រូវបានគេនាំឲ្យបកក្រោយវិញ។ នេះមិនមែនជារបៀបដែលវាជាដំណើរការនៅក្នុងពិភពសម័យទំនើបនោះទ្បើយ។
លោក Zelensky ក៏បានថ្លែងកាលពីម្សិលមិញដែរថា លោក ពូ ទីន កំពុងត្រៀមរៀបចំការពិភាក្សាជាមួយលោក Trump ហើយចង់ឲ្យអ្វីៗសម្រេចតាមបំណងរបស់ប្រធានាធិបតីអាមេរិក។ ប៉ុន្តែវាមិនអាចទៅរួចដូចការគិតរបស់ ពូ ទីន ទេ ហើយវាមិនអាចកើតមានបញ្ហាខាងលើដោយគ្មានវត្តមានភាគីសហភាពអឺរ៉ុប និងអ៊ុយក្រែននោះទ្បើយ៕
ដោយ៖ ពេជ្រ