មន្ត្រីឧទ្យានុរក្ស៖ ភ្លើងឆេះព្រៃទំហំ៥០០ហិចតា ក្នុងតំបន់បេតិកភណ្ឌធម្មជាតិភ្នំព្រះ -ភ្នំវែងស្រុកថ្មពួក

បន្ទាយមានជ័យ ៖ មន្ត្រីឧទ្យានុរក្សបានអោយដឹងកាលពីល្ងាចថ្ងៃទី២២ខែមករាឆ្នាំ២០២៥ថា មុននឹងពន្លត់ឬគ្រប់គ្រង់បាន ភ្លើងបានរាលឆេះអស់ព្រៃទំហំ៥០០ហិចតា លើ១ ៥០០ហិចតាក្នុងតំបន់បេតិកភណ្ឌធម្មជាតិភ្នំព្រះ -ភ្នំវែង ដែលស្ថិតនៅព្រំប្រទល់ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ ខណដែលភ្លើងបានឆាបឆេះតាំងពីម៉ោង១២ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ រហូតដល់ម៉ោង២រសៀលថ្ងៃដដែល។

លោក ឈឿន យឿ មន្ត្រីឧទ្យានុរក្សបេតិកភណ្ឌធម្មជាតិភ្នំព្រះ -ភ្នំវែង បានអោយដឹងបន្តថា ភ្លើងឆេះព្រៃខាងលើនេះគឺចាប់ផ្តើមឆេះនៅវេលាម៉ោងប្រមាណជា១២ថ្ងៃត្រង់ ដោយឆេះចេញពីខាងត្បូងភ្នំវែង។

ភ្លាមៗនោះ មន្ត្រីឧទ្យានុរក្សប្រចាំនៅតំបន់ចំនួន៨នាក់ ដោយរួមមានទាំងព្រះសង្ឃ និងក្រុមការងារអភិវឌ្ឍន៍ភ្នំព្រះ របស់លោកស្រីអគ្គមហាពុទ្ធសាសនូបត្ថម៉ៅ ម៉ាល័យ ផង សរុប២០នាក់ ធ្វើការអន្តរាគមន៍ពន្លត់ដោយកម្លាំងមនុស្ស។

លោកថា ការធ្វើដូច្នេះ មកពីលទ្ធភាពរថយន្តពន្លត់អគ្គីភ័យមិនអាចចូលដល់បានទេ។ទោះជាយ៉ាង នេះជាសំណាងមួយដែរ ដោយប្រតិបត្តិការពន្លត់ដល់ម៉ោងពីរសៀលដដែលក៏ពន្លត់ឬគ្រប់គ្រង់បានទាំងស្រុង។

ចំពោះ មូលហេតុនៃការឆាបឆេះព្រៃនោះ មន្រ្តីឧទ្យានុរក្សបានអោយដឹងដែរថា អាចមកពីប្រជាពលរដ្ឋដុតដោយធ្វេសប្រហែសឬដុតរកសត្វ រកឃ្មុំ ហើយក្រុមការងារបាននិងកំពុងស្រាវជ្រាវបន្តដើម្បីកំណត់អត្តសញ្ញាណអ្នកប្រព្រឹត្ត។

ទោះជាយ៉ាងណា ការពន្លត់បានទាន់ពេលដោយប្រើកម្លាំងមនុស្សនោះ ជាអំណោយផលនិងមោទន:មួយដែរ ដោយសារការឆេះនេះ បានបង្កអោយខូចខាតតែដើមឈើតូចៗ ព្រេចនិងស្មៅងាប់ប៉ុណ្ណោះ ហើយមិនបានរាលដាលបង្កអោយខូចខាតដល់សមិទ្ធផលអភិវឌ្ឍន៍នានាដូចជាសំណង់ គ្រឿងវត្ថុសក្ការ:ផ្សេងៗឡើយ។

មន្រ្តីឧទ្យានុរក្ស ក៏បានអំពាវនាវដល់ពលរដ្ឋនិងសាធារណជនចូលរួមថែរក្សា ការពារសន្តិសុខ សុវត្ថិភាពធនធានធម្មជាតិនិងសមិទ្ធផលនានាក្នុងតំបន់។សូមកុំដុតព្រៃ ឬក៏ចោលកន្ទុយបារីឬបង្កើតភ្លើងដោយធ្វេសប្រហែស ដែលនាំអោយឆេះព្រៃ បំផ្លាញធនធានធម្មជាតិ ប៉ះពាល់បរិស្ថាន ហើយត្រូវរួមគ្នាថែរក្សាអភិរក្សបរិស្ថានដែលមានស្រាប់៕



Written by 

Related posts

Leave a Comment