សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៧ និងបន្ដអាណត្តិទី៨ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ នៅសណ្ឋាគារភ្នំពេញ។
ជាមួយគ្នានោះដែរក្រសួងអប់រំ យុវជន និងកីឡា ជូនដំណឹងគោលការណ៍ណែនាំ ៣ចំណុច ដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្ដីពីគោលការណ៍នីតិវិធីរៀបចំការបោះឆ្នោតបញ្ចប់អាណត្តិ ត្រូវអនុវត្តដូចខាងក្រោម៖
១. ត្រូវបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ដោយឈរលើស្មារតី ប្រជាធិបតេយ្យ តម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ។
២. ត្រូវរៀបចំនីតិវិធីឈរឈ្មោះ និងបោះឆ្នោតដោយផ្អែកតាមមតិភាគច្រើន អាចទទួលយកបានពីគ្រប់សមាជិកទាំងអស់។
៣. សហព័ន្ធត្រូវអនុវត្តឱ្យស្របតាមប្រការ៩ នៃលក្ខន្ដិកៈរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
សូមជម្រាបថា ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អាណត្តិទី៧ ដឹកនាំដោយ ឯកឧត្ដម ខូវ ឆាយ ។ ចុះអាណត្តិទី៨ ដែលជាអាណត្តិថ្មីនេះតើឯកឧត្ដមរូបណា នឹងឡើងជាប្រធានសហព័ន្ធ?៕