មួយថ្ងៃបន្ទាប់ពី លោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីផ្លូវការ រដ្ឋបាលរបស់លោក នឹងចាប់ផ្តើមធ្វើឱ្យបានល្អលើការសន្យាយុទ្ធនាការក្នុងការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ទ្រង់ទ្រាយធំ។ នេះបើយោងតាមកាសែត Wall Street Journal បានរាយការណ៍ កាលពីថ្ងៃសុក្រ ។
យោងតាមរបាយការណ៍ បានឲ្យដឹងថា ការបោសសម្អាតអន្តោប្រវេសន៍ទ្រង់ទ្រាយធំនេះ រំពឹងថានឹងចាប់ផ្តើមនៅទីក្រុង Chicago ព្រឹកថ្ងៃអង្គារ រយៈពេលមួយសប្តាហ៍។
ប៉ូលិសអន្តោប្រវេសន៍ និងគយអាមេរិក អាចបញ្ជូនមន្ត្រីរហូតដល់ ២០០នាក់ ដើម្បីអនុវត្តប្រតិបត្តិការ បោសសម្អាតនេះ ។
កាសែតដដែល បានរាយការណ៍ថា ពួកគេមានបំណងកំណត់គោលដៅជនអន្តោប្រវេសន៍ដែលមានប្រវត្តិឧក្រិដ្ឋកម្ម ហើយកំពុងស្នាក់នៅក្នុងប្រទេសដោយខុសច្បាប់ ហើយញូវយ៉ក ឡូសអេនជឺលេស ដេនវើរ និងម៉ៃអាមី ក៏ស្ថិតនៅក្នុងបញ្ជីរបស់រដ្ឋបាលផងដែរ។
គួរបញ្ជាក់ថា អន្តោប្រវេសន៍ គឺជាចំណុចសំខាន់មួយនៃជម្លោះក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលថ្មីៗនេះ ៕
ដោយ៖ ពេជ្រ