ចេតិយព្រះបាទចន្ទរាជា លើភ្នំព្រះរាជទ្រព្យ នឹងត្រូវជួសជុលទ្បើងវិញ

រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកជំទាវ ភឿង សកុណា និង​ លោក ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានរៀបចំពិធីប្រុងពលីបើកការដ្ឋានជួសជុលចេតិយព្រះបាទចន្ទរាជា នៅលើភ្នំព្រះរាជទ្រព្យ ខេត្តកណ្តាលទ្បើងវិញ ខណដែលកំពុងស្ថិតក្នុងសភាពចាស់ទ្រុឌទ្រោមបាក់បែកយ៉ាងខ្លាំង។

ការខូចខាតទាំងនេះ រួមមាន ការហូរច្រោះគ្រឹះស្រុតខឿនក្រោម ប្រេះរបេះកំបោរបាយអរ រលុះឥដ្ឋ និងល្បាក់ក្បាច់នៃតួចេតិយ។ ការខូចខាតទាំងនេះ គឺបណ្តាលមកពីកត្តាធម្មជាតិ និងអាយុកាលរបស់សំណង់។ ចេតិយព្រះបាទចន្ទរាជា ស្ថិតនៅមុខព្រះពុទ្ធចូលនិព្វាន កសាងឡើងតាំងពី គ.ស.១៥៦៧ ព្រះបាទបរមិន្ទរាជាទ្រង់សាងសម្រាប់បញ្ចុះព្រះអដ្ឋិនៃព្រះចន្ទរាជាជាព្រះរាជបិតា។ ចេតិយនេះ បែរមុខទៅទិសខាងជើង សាងពីឥដ្ឋតាន់បូកបាយអ មានការបាក់បែកដោយអន្លើ។ ចេតិយនេះមាន ការជួសជុលជាបន្តបន្ទាប់តាំងពីក្នុងរាជ្យហ្លួងនរោត្តមរហូតមកដល់ហ្លួងព្រះស៊ីសុវត្ថិ។

ការងារអភិរក្សនិងជួសជុលនេះ នឹងចំណាយពេល៤ខែ ពោលគឺចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ក្រោមការឧបត្ថម្ភថវិកាពី​ ឯកឧត្តមបណ្ឌិត​ ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង​ និងលោកជំទាវ​​ យី សុភា។  

កិច្ចសហការលើការងារអភិរក្សនេះ គឺជាគម្រូមួយនៃកិច្ចសហការអន្តរក្រសួង​សប្បុរសជន និងស្ថាប័ន នានា​ លើវិស័យសេដ្ឋកិច្ចនិងវប្បធម៌ ដែលកើតឡើងក្នុងបរិយាកាសនៃកិច្ចប្រឹងប្រែងធ្វើឲ្យបេតិកភណ្ឌអាចរក្សាបានយូរអង្វែង៕

Written by 

Related posts

Leave a Comment