គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងលោក Pep Muñoz បាននិយាយក្រោយបញ្ចប់ការប្រកួតជាមួយក្រុម PSM Makassar ថា កីឡាករក្រុមរបស់យើងពិតជាខិតខំប្រឹងប្រែងលេង និងគ្រប់គ្រងបាល់បានទាំងស្រុង ប៉ុន្តែគ្រាន់តែយើងបញ្ចប់ទីមិនសូវបានល្អ នេះជារឿងដែលយើងត្រូវកែលម្អបន្ថែមទៀត ហើយគូរប្រកួតយើងគាត់ព្យាយាមពន្យារពេលការប្រកួត ខណៈក្រុមយើងព្យាយាមលេងបាល់។
ជាការពិតណាក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានប្រកួតចាញ់ក្រុម PSM Makassar ដោយលទ្ធផល ១-០ សម្រាប់ការប្រកួតទី៣ក្នុងពូល A នៃពានរង្វាន់ ASEAN Club Championship Shopee Cup 2024/25។ តាមរយៈលទ្ធផលនេះបានធ្វើឱកាសប្រជែងកៅអីវគ្គ4ក្រុមចុងក្រោយ របស់ក្លិបព្រះខ័នរាជស្វាយរៀង កាន់តែតិចតួចស្ដួចស្ដើងហើយ។
សូមជម្រាបថា បច្ចុប្បន្ន PSM Makassar បន្តឈរកំពូលតារាងពូល A ជាបណ្ដោះអាសន្ន ដោយមាន៧ពិន្ទុ ក្រោយឆ្លងកាត់៣ប្រកួត ខណៈព្រះខ័នរាជស្វាយរៀង ឈរលេខ៥ក្នុងពូលដោយមាន៣ពិន្ទុ៕