នាយករដ្ឋមន្ត្រីកាណាដា បញ្ជាក់ជាថ្មីថាគ្មានផ្លូវទេដែលកាណាដាក្លាយជារដ្ឋទី៥១ របស់អាមេរិក

នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានថ្លែងបញ្ជាក់ជាថ្មីថា ប្រទេសកាណាដានឹងមិនក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិកឡើយ។  លោកក៏បានច្រានចោលគំនិតរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump ក្នុងការធ្វើឱ្យប្រទេសកាណាដាក្លាយជារដ្ឋទី៥១របស់អាមេរិក។

គួររំលឹកថា លោក Trump បានស្នើម្តងហើយម្តងទៀតថា រដ្ឋបាលរបស់លោកនឹងផ្លាស់ប្តូរប្រទេសកាណាដាទៅជាផ្នែកមួយនៃសហរដ្ឋអាមេរិក ពិសេសគឺជារដ្ឋទី៥១ របស់អាមេរិក។ លោក Trump បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទកាសែតនៅក្នុងគេហដ្ឋានរបស់លោកក្នុងរដ្ឋផ្លរីដាកាលពីថ្ងៃអង្គារថា “អ្នកកម្ចាត់ខ្សែបន្ទាត់ដែលគូរដោយសញ្ញាសិប្បនិម្មិតនោះ ហើយអ្នកពិនិត្យមើលទៅ ថាតើវាដូចអ្វីដែរ  ហើយវាក៏ល្អណាស់សម្រាប់សន្តិសុខជាតិរបស់អាមេរិកផងដែរ”។ 

លោក Trudeau បានប្រកាសកាលពីដើមសប្តាហ៍នេះថា លោកនឹងចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី និងជាមេដឹកនាំគណបក្សសេរីនិយមដែលកំពុងកាន់អំណាច។លោក Trudeau បានសរសេរនៅលើ X ថា “មិនមានឱកាសសម្រាប់បាល់ព្រិលនៅក្នុងនរកទេដែលកាណាដានឹងក្លាយជាផ្នែកនៃសហរដ្ឋអាមេរិក”។ ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា “កម្មករ និងសហគមន៍នៅក្នុងប្រទេសរបស់យើងទាំងពីរទទួលបានអត្ថប្រយោជន៍ពីការធ្វើជាដៃគូពាណិជ្ជកម្ម និងសន្តិសុខធំបំផុតរបស់គ្នាទៅវិញទៅមក។

លោក Pierre Poilievre មេដឹកនាំ​គណបក្ស​អភិរក្ស​ប្រឆាំង​ក៏​បាន​បញ្ចេញ​ការ​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​លោក Trump ផងដែរ។ លោកថសកាណាដានឹងមិនក្លាយជារដ្ឋទី ៥១ របស់អាមេរិកដូចដែល Trump បាននិយាយនោះទេ ទោះកាលៈទេសៈ ណាក៏ដោយ។លោកបន្តថាយើងជាប្រទេសដ៏អស្ចារ្យ និងឯករាជ្យ”។ 

លោកបានបន្តដោយប្រកែកថា កាណាដាគឺជា “មិត្តល្អបំផុតសម្រាប់សហរដ្ឋអាមេរិក” ដោយគូសបញ្ជាក់អំពីពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក ក៏ដូចជាការរួមចំណែករបស់កាណាដាចំពោះ  “ការជួយជនជាតិអាមេរិកឱ្យសងសឹកប្រឆាំងនឹងការវាយប្រហារ 9/11 របស់អាល់កៃដាផងដែរ។ 

លោក Poilievre បានសរសេរថា “រដ្ឋាភិបាល NDP-Liberal ទន់ខ្សោយ និងគួរឱ្យអាណិតរបស់យើងបានបរាជ័យក្នុងការបង្កើតចំណុចជាក់ស្តែងទាំងនេះ”។  លោកបានសន្យាថា ប្រសិនបើលោកត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី លោកនឹង កសាងយោធារបស់យើងឡើងវិញ និងគ្រប់គ្រងព្រំដែនឡើងវិញ ដើម្បីធានាទាំងកាណាដា និងសហរដ្ឋអាមេរិក។ លោក Poilievre បានបន្ថែមថា លោកនឹង យកការគ្រប់គ្រងតំបន់អាកទិករបស់យើងមកវិញ ដើម្បីកុំឲ្យរុស្ស៊ី និងចិននៅក្រៅមកគ្រប់គ្រង។ 

សូមជំរាបថា លោក Trudeau បានធ្វើជានាយករដ្ឋមន្ត្រីរបស់ប្រទេសកាណាដាតាំងពីឆ្នាំ ២០១៥ ហើយគេបានឃើញថាការដឹកនាំរបស់លោកមានការធ្លាក់ចុះប្រជាប្រិយភាពក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។  នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃចន្ទ លោកបានប្រកាសថា លោកនឹងលែងមានទំនុកចិត្តក្នុងការដឹកនាំគណបក្សសេរីនៅក្នុងការបោះឆ្នោតដែលរំពឹងថានឹងប្រព្រឹត្តទៅនៅឆ្នាំនេះទៀតហើយហើយលោកនឹងចុះចេញពីតំណែងប្រធានបក្ស និងមេដឹកនាំប្រទេស។ 

ប៉ុន្តែលោក Trump បានប្រតិកម្មទៅនឹងសេចក្តីប្រកាសរបស់លោកTrudeau ដោយអះអាងនៅលើវេទិកាសង្គម Truth Social របស់គាត់ថា “មនុស្សជាច្រើននៅកាណាដាគាំទ្រ និងចង់ឲ្យប្រទេសនេះក្លាយជារដ្ឋទី ៥១របស់អាមេរិក។ លោកបន្តថា“សហរដ្ឋអាមេរិកមិនអាចទទួលរងនូវឱនភាពពាណិជ្ជកម្ម និងការឧបត្ថម្ភធនដ៏ធំដែលកាណាដាត្រូវការដើម្បីបន្តនៅស្ថេភាពនៅនឹងកន្លែងបន្តទៀតទេ។ លោកក៏បានសង្កត់ធ្ងន់ថា លោក Justin Trudeau ក៏បានដឹងនូវរឿងនេះច្បាស់ណាស់ ហើយក៏បានលាលែងពីតំណែងថែមទៀត ហើយនោះជាការពិត”។ 

សូមជំរាបថា ក្នុងអំឡុងពេល និងក្រោយយុទ្ធនាការបោះឆ្នោតលោក​ Trump ​បានគំរាមយកពន្ធលើទំនិញកាណាដា ដោយលើកហេតុផលថាវិធានការនេះនឹងពង្រឹងសេដ្ឋកិច្ចអាមេរិក៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment