សហព័ន្ធបាល់ទាត់បារាំង (FFF) បានប្រាប់រ៉យទ័រកាលពីថ្ងៃអង្គារថា លោក Didier Deschamps ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិបម្រើការយូរបំផុតរបស់ក្រុមមាន់គកបារាំង នឹងមិនស្វែងរកការបន្តកិច្ចសន្យារបស់លោកដែលនឹងផុតកំណត់នៅឆ្នាំ ២០២៦ នោះទេ ហើយលោកនឹងចាកចេញពីការងារគ្រូបង្វឹកក្រុមមាន់គកបារាំង ក្រោយ World Cup 2026 នៅសហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងរបស់ Deschamps ដំណើរការរហូតដល់ការប្រកួត World Cup 2026 ខណៈក្រុមមាន់គកបារាំង មិនទាន់ធានាកៅអីសម្រាប់ការប្រកួតវគ្គចុងក្រោយនៅឡើយទេ។
បុរសវ័យ៥៦ ឆ្នាំរូបនេះបានចូលកាន់ដំណែងពីមិត្តរួមក្រុមម្ចាស់ជើងឯក World Cup 1998 លោក Laurent Blanc ក្នុងឆ្នាំ 2012 និងបានដឹកនាំក្រុមមាន់គកបារាំង ឱ្យឈ្នះពានរង្វាន់ World Cup 2018 ពីរឆ្នាំបន្ទាប់ពីបានឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុបនៅលើទឹកដីខ្លួនឯង។
យ៉ាងណាមិញប្រធាន FFF លោក Philippe Diallo បានប្រាប់ Reuters Deschamps នឹងមិនស្វែងរកការបន្តស្នាក់នៅរបស់លោកបន្ទាប់ពីការប្រកួត World Cup 2026 ដោយប្រធាន FFF បានបន្ថែមថា “លោកនឹងនៅរហូតដល់ចុងបញ្ចប់នៃកិច្ចសន្យារបស់លោកពោលគឺ ២០២៦”៕