បណ្ឌិត្យសភានគរបាលកម្ពុជា ចេញសេចក្តីបំភ្លឺចំពោះករណីលោកឧត្តមសេនីយ៍ទោ ប៊ុន ភក្តី នាយកវិទ្យាស្ថានបណ្តុះបណ្តាល វិជ្ជាជីវៈនគរបាល

អ្នកនាំពាក្យបណ្ឌិត្យសភានគរបាលកម្ពុជាបានចេញសេចក្តីបំភ្លឺជាផ្លូវការមួយទាក់ទងករណីលោកឧត្តមសេនីយ៍ទោ ប៊ុន ភក្តី នាយកវិទ្យាស្ថានបណ្តុះបណ្តាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ខណដែលក្នុងរយៈពេលកន្លងទៅនេះមានបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយនាំឲ្យមានការភាន់ច្រទ្បំ និងមានការរើសអើងចំពោះលោកឧត្តមសេនីយ៍ទោរូបនោះ។

 សេចក្តីបំភ្លឺរបស់បណ្ឌិត្យសភានគរបាលកម្ពុជាមានខ្លឹមសារទាំងស្រុងថា៖ ក្នុងរយៈពេលកន្លងទៅនេះ មានបណ្តាញសង្គមហ្វេសប៊ុកនិងសារព័ត៌មានមួយចំនួន បានចុះផ្សាយធ្វើឱ្យ មានការភាន់ច្រឡំនិងមានការរើសអើងចំពោះករណី ឧត្តមសេនីយ៍ទោ ប៊ុន ភក្ដី នាយកវិទ្យាស្ថានបណ្តុះបណ្តាល វិជ្ជាជីវៈនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដោយចោទប្រកាន់ថាជាជនជាតិវៀតណាម។ ករណីនេះ សាមីខ្លួនធ្លាប់បានបកស្រាយរួចហើយអំពីជីវប្រវត្តិរបស់ខ្លួន។ ដើម្បីឱ្យកាន់តែច្បាស់បន្ថែមទៀត អ្នកនាំពាក្យបណ្ឌិត្យសភានគរបាលកម្ពុជា សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ប៊ុន ភក្តី កើតនៅថ្ងៃទី៥ ខែមេសា ឆ្នាំ ១៩៨៦ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីកន្លែងកំណើតនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

     ក-អំពីប្រវត្តិសិក្សា៖

– បានសិក្សានៅសាលាបឋមសិក្សាសុខអានទន្លាប់ ស្រុកគិរីវង់ ខេត្តតាកែវ (១៩៩៤-២០០០)

– បានសិក្សានៅវិទ្យាល័យទួលទំពូង រាជធានីភ្នំពេញ (២០០០-២០០៦)

– បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (២០០៦-២០១០)

– បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (២០១៣-២០១៥)

– បញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ ជំនាញវិទ្យាសាស្ត្រនយោបាយ នៅបណ្ឌិត្យសភានគរបាល កម្ពុជា (២០១៣-២០១៥)

– ជាបេក្ខជនបណ្ឌិត ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាញដឹកនាំបញ្ជាការងារសន្តិសុខ (២០២០- បច្ចុប្បន្ន) ដោយបានទទួលជោគជ័យលើការបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវជាលក្ខណៈអន្តរជាតិ នៅក្នុងកាលិកបត្រស្រាវជ្រាវ The Academic Journal of St Clements Education Group -VERITAS- ដែលមានមូលដ្ឋាននៅ British West Indies នៃប្រទេសអង់គ្លេស ក្នុង Volume15, No. 2  ISSN2307-2806 សម្រាប់ខែកក្កដា ឆ្នាំ២០២៤។

  – បានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញនគរបាលជាច្រើនវគ្គផងដែរ ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។ –

ខ-អំពីប្រវត្តិការងារ

បានចូលបម្រើការងារជាមន្ត្រីនគរបាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា ជាមន្ត្រីសកម្ម គោរពវិន័យ ប្រឹងប្រែងបំពេញការងារតាមតួនាទីនិងភារកិច្ច សម្រេចបានលទ្ធផលការងារជាច្រើនជូនបណ្ឌិត្យសភានគរបាល កម្ពុជា ព្រមទាំងទទួលបានការលើកទឹកចិត្តជាបន្តបន្ទាប់ រួមមាន៖

– ជាអនុប្រធានដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទៃក្នុង (២០១៤-២០១៦)

– ជាប្រធានដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទៃក្នុង (២០១៦-២០២៤)

– ជានាយកវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល ពីឆ្នាំ២០២៤ ដល់បច្ចុប្បន្ន។

 អ្នកនាំពាក្យបណ្ឌិត្យសភានគរបាលកម្ពុជា មានការសោកស្តាយយ៉ាងខ្លាំងចំពោះជនឆ្លៀតឱកាស ដើម្បី កេងចំណេញនយោបាយ បំភ្លៃការពិត ធ្វើឱ្យមានការភាន់ច្រឡំនិងមានការរើសអើង។ ករណីនេះ សាមីខ្លួន បានរៀបចំចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនដែលបានមូលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយស សេចក្តីថ្លៃថ្នូរ នាំ ឱ្យមានការយល់ច្រឡំ ការរើសអើងចំពោះសាមីខ្លួននិងបណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យទទួលខុសត្រូវចំពោះ មុខច្បាប់ជាធរមាន។

អាស្រ័យហេតុនេះ សូមសាធារណជនជ្រាបជាព័ត៌មាន៕

Written by 

Related posts

Leave a Comment