ចាប់ខ្លួនបុរសជនជាតិរុស្ស៊ី ពីបទក្បត់ជាតិ ក្រោយលួច​ផ្តល់​ព័ត៌មាន​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ក្នុង​តំបន់​មូស្គូឲ្យអ៊ុយក្រែន

ជនសង្ស័យជាបុរសរុស្ស៊ីត្រូវបានឃុំខ្លួនហើយក្រោយចោទប្រកាន់ពីបទក្បត់ជាតិ ខណដែលជនសង្ស័យរូបនោះត្រូវបានគេរាយការណ៍ថាបានថតរូបហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់មូស្គូ ហើយបានបញ្ជូនរូបភាពទៅទីក្រុងគៀវ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារ FSBកាលពីថ្ងៃអាទិត្យ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា បុរសអាយុ ៤១ ឆ្នាំរូបនេះត្រូវបានចោទប្រកាន់ថា បាន និងកំពុងប្រតិបត្តិការក្រោមការណែនាំពីអ្នកគ្រប់គ្រងនៅក្នុងនាយកដ្ឋានស៊ើបការណ៍សំខាន់ (GUR) របស់ប្រទេសអ៊ុយក្រែន ដែលបានសន្យាថាគាត់នឹងផ្តល់រង្វាន់ជាហិរញ្ញវត្ថុដ៏ច្រើនសម្រាប់ការប្រមូលព័ត៌មានសំខាន់ៗទាំងអស់នៅមូស្គូ។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ជនសង្ស័យនិងអ្នកចាត់ការរបស់គាត់កំពុងទំនាក់ទំនងគ្នាតាមរយៈកម្មវិធីផ្ញើសារ Telegram ។ បុរសរូប​នេះ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ក្នុង​មន្ទីរ​ឃុំឃាំង ហើយ FSB បាន​ចាប់​ផ្តើមបើកការស៊ើបអង្កេតនិងចាត់ការលើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ប្រឆាំង​ជនសង្ស័យ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិកម្រិតខ្ពស់។

កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើវិសោធនកម្មក្រមព្រហ្មទណ្ឌរុស្ស៊ី ទាក់ទងនឹងបទក្បត់ជាតិ ការបះបោរប្រដាប់អាវុធ និងជំនួយដល់សត្រូវ។ ច្បាប់ដែលបានធ្វើបច្ចុប្បន្នភាពដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរសម្រាប់ការចូលរួមក្នុងការបះបោរប្រដាប់អាវុធ ដោយអ្នករៀបចំឥឡូវនេះប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត។ លើសពីនេះ បុគ្គលដែលត្រូវបានកាត់ទោសពីបទបះបោរប្រដាប់អាវុធ ឬអំពើភេរវកម្ម លែងមានសិទ្ធិទទួលបានការដោះលែងពីពន្ធនាគារមុនគេទៀតហើយ។

វិសោធនកម្មច្បាប់នេះក៏បានណែនាំផងដែរនូវការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំសម្រាប់ជនបរទេស និងបុគ្គលគ្មានរដ្ឋដែលចូលរួមក្នុងសកម្មភាពដែលជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់សត្រូវ ឬធ្វើឱ្យខូចសន្តិសុខជាតិរបស់រុស្ស៊ី។ ការផ្លាស់ប្តូរនេះក៏កំណត់ពាក្យពេចន៍នៃអត្ថបទស្តីពីអំពើក្បត់ជាតិ ជាពិសេសនៅក្នុងករណីដែលពាក់ព័ន្ធនឹងការរត់ចោលស្រុកផងដែរ៕

ោយ៖េជ្រ

Written by 

Related posts

Leave a Comment