អាជ្ញាធរអគ្គីភ័យកូរ៉េខាងត្បូងបាននិយាយថា មនុស្ស ១៧៧ នាក់បានស្លាប់ ក្នុងឧបទ្ទវហេតុផ្ទុះយន្តហោះនៅអាកាសយានដ្ឋានមួយភាគនិរតីរបស់ប្រទេស។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា យន្តហោះនេះបានដឹកអ្នកដំណើរ ១៧៥ នាក់ និងសមាជិកនាវិក ៦ នាក់ ។
យន្តហោះដឹកអ្នកដំណើរតម្លៃទាបរបស់កូរ៉េខាងត្បូង Jeju Air បានផ្ទុះនៅអាកាសយានដ្ឋានអន្តរជាតិ Muan ភ្លាមៗបន្ទាប់ពីម៉ោង ៩ ព្រឹកថ្ងៃអាទិត្យ។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា អ្នកដំណើរទាំងនោះរួមមានជនជាតិកូរ៉េខាងត្បូង ១៧៣នាក់ និងជនជាតិថៃ២នាក់។
តានវីដេអូដែលបានចាក់ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈ KBS បង្ហាញពីយន្តហោះដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបានផ្ទុះឡើងជាអណ្តាតភ្លើង និងផ្សែងខ្មៅកើនឡើង។ ខ្សែវីដេអូនេះក៏បង្ហាញផងដែរថា ក្រុមអ្នកពន្លត់អគ្គិភ័យព្យាយាមពន្លត់ភ្លើង និងរថយន្តសង្គ្រោះមកដល់កន្លែងកើតហេតុ។
មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយមុននេះថា ពួកគេសន្មត់ថាមនុស្សស្ទើរគ្រប់គ្នានៅលើយន្តហោះនោះបានស្លាប់ លើកលែងតែពីរនាក់ដែលត្រូវបានជួយសង្គ្រោះ។ ពួកគេក៏បាននិយាយថា ឧបករណ៍ចុះចតរបស់យន្តហោះនេះមិនដំណើរការដោយត្រឹមត្រូវតាមបច្ចេកទេសទេ ហើយអ្នកបើកយន្តហោះបានព្យាយាមចុះចត។ មន្ត្រីបន្តថា ការវាយប្រហាររបស់បក្សីអាចបណ្តាលឱ្យមានគ្រោះថ្នាក់យន្តហោះនេះ។
នាយកប្រតិបត្តិក្រុមហ៊ុន Jeju Air បានសុំទោសចំពោះការធ្លាក់យន្តហោះនៅក្នុងសន្និសីទសារព័ត៌មានមួយ។ លោក Kim E-bae បានថ្លែងថា ក្រុមហ៊ុនសូមចូលរួមរំលែកទុក្ខ និងសុំទោសយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកដំណើរ និងក្រុមគ្រួសារនៃសពជនរងគ្រោះ។ លោកក៏បានលើកទ្បើងថា ដោយមិនគិតពីមូលហេតុនៃគ្រោះថ្នាក់នេះ គាត់មានអារម្មណ៍ថាមានទំនួលខុសត្រូវពេញលេញក្នុងនាមជា CEO របស់ក្រុមហ៊ុន។ លោកថា វាពិបាកក្នុងការប៉ាន់ស្មានពីមូលហេតុនៃការធ្លាក់យន្តហោះនៅចំណុចនេះ ហើយក្រុមហ៊ុនត្រូវរង់ចាំការរកឃើញពីការស៊ើបអង្កេតរបស់រដ្ឋាភិបាលសិន។
លោក Kim បាននិយាយថា ក្រុមហ៊ុនរបស់លោកនឹងខិតខំប្រឹងប្រែងដើម្បីដោះស្រាយស្ថានការណ៍ឱ្យបានឆាប់រហ័ស និងផ្តល់ការគាំទ្រដល់ក្រុមគ្រួសារនៃអ្នកដំណើរ។ លោកបានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការកំណត់មូលហេតុនៃគ្រោះថ្នាក់នេះ ដោយសហការជាមួយរដ្ឋាភិបាល៕
ដោយ៖ ពេជ្រ