លោក ម៉ឹង ស៊ីនាថ ត្រូវបានប្រកាសតែងតាំងចូលកាន់តំណែង ជានាយករដ្ឋបាលសាលាខេត្តរតនគិរី

ខេត្តរតនគិរី÷ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ផ្តាំផ្ញើដល់អស់លោក លោកស្រី ដែលត្រូវបានតែងតាំងចូលកាន់មុខតំណែង ជានាយក នាយករងរដ្ឋបាល នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស និងប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក នៃរដ្ឋបាលសាលាខេត្តរតនគិរី នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ ថា គ្រប់មន្ត្រីត្រូវមានការរួមសហការសាមគ្គីគ្នាអនុវត្តការងារ ជាអាទិភាពសំខាន់ៗចំនួន៤ ៖

១.ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឲ្យបានល្អនៅក្នុងអង្គភាពសាលាខេត្ត ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររបស់ខ្លួន ឲ្យកាន់តែមានភាពល្អប្រសើរក្នុងការជួយការងាររដ្ឋបាល និងការងារដឹកនាំក្រុមប្រឹក្សាខេត្ត និងគណៈអភិបាល
ខេត្ត។

២.ត្រូវចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។ មន្ត្រីរាជការត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពរបស់ខ្លួន និងត្រូវមានសីលធម៌វិជ្ជាជីវៈក្នុងការបំពេញការងារ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលនានាកាន់តែងាយស្រួលល្អប្រសើរ ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាពសម្រាប់ខេត្តរតនគិរី។

៣.ត្រូវយកចិត្តទុកដាក់ ពង្រឹងការគ្រប់គ្រងវត្តមាន និងការបំពេញការងាររបស់មន្ត្រីរាជការក្នុងរចនា សម្ព័ន្ធសាលាខេត្ត ព្រមទាំងត្រូវរៀបចំ និងដាក់ឲ្យអនុវត្តឡើងវិញនូវលក្ខខណ្ឌការងារជូនមន្ត្រីរាជការគ្រប់ទីចាត់ការ អង្គភាព ចាប់ពីនាយករដ្ឋបាលរហូតដល់មន្ត្រីស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ធ្វើយ៉ាងណាឲ្យមន្ត្រីគ្រប់រូបមានការងារធ្វើគ្រប់ៗគ្នា ។
  
៤.ត្រូវស្លៀកពាក់ឯកសណ្ឋានមន្ត្រីរាជការស៊ីវិលឲ្យបានសមរម្យ ដើម្បីធ្វើជាគម្រូល្អដល់មន្ត្រីថ្នាក់ក្រោម និងត្រូវចូលរួមសហការគ្នាសម្អាតអនាម័យបរិស្ថានក្នុង និងក្រៅសាលាខេត្តអោយបានស្អាត។

លោក ញ៉ែម សំអឿន អភិបាលរតនគិរី បន្តថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងដំណាក់កាលយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយមាន បាវចនា ៥ គឺ កំណើន.ការងារ.សមធម៌.ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះ ៥ គឺ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាឌីជីថល។

ដោយសំដៅឆ្ពោះសម្រេចបាននូវចក្ខុវិស័យប្រែក្លាយ ប្រទេសកម្ពុជា ពីប្រទេសមានចំណូលមធ្យម កម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នា ឆ្នាំ២០៥០។
   
សូមបញ្ជាក់ថា បើយោងតាមប្រកាសស្តីពីការតែងតាំងមន្រ្តីរាជការរបស់ក្រសួងមហាផ្ទៃ សម្រេចតែងតាំងលោក ម៉ឹង ស៊ីនាថ ឋានន្តរសក្តិវរមន្ត្រីថ្នាក់លេខ១ ជានាយករដ្ឋបាលសាលាខេត្តរតនគិរី។ យោងដីកាស្តីពីការតែងតាំងនិងប្រគល់ភារកិច្ចជូនមន្រ្តីរាជការ របស់រដ្ឋបាលខេត្តរតនគិរី សម្រេចតែងតាំងមន្ត្រីរាជការ ចំនួន ២រូប ចំណុះរចនាសម្ព័ន្ធសាលាខេត្តរតនគិរី គឺ
 ១.លោក មួង មករា ឋានន្តរសក្តិវរមន្រ្តី ថ្នាក់លេខ១ ឲ្យកាន់ មុខតំណែងជានាយករងរដ្ឋបាលសាលាខេត្ត។
២.លោក វ៉ាន់ ជាលី  ឋានន្តរសក្តិវរមន្រ្តី ថ្នាក់លេខ១ ឲ្យកាន់ មុខតំណែងជានាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស។ និងប្រគល់ភារកិច្ចជូនលោក ឈាង សុភ័ក្ត្រ ក្របខណ្ឌលេខាធិការ រដ្ឋបាល ក្រសួងមហាផ្ទៃ ថ្នាក់លេខ៥ ឲ្យកាន់មុខតំណែងជាប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក ចំណុះ រចនាសម្ព័ន្ធទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តរតនគិរី៕

Written by 

Related posts

Leave a Comment