ពលរដ្ឋ១គ្រួសាររងគ្រោះដោយអគ្គីភ័យនៅ ស្រុកកូនមុំទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី

ខេត្តរតនគិរី÷ ផ្ទះប្រជាពលរដ្ឋ១គ្រួសាររងគ្រោះដោយអគ្គីភ័យឆាបឆេះអស់ទាំងស្រុងនៅស្រុកកូនមុំ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ ជូនដល់គ្រួសារងគ្រោះ ១គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យកាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

តាមរបាយការណ៍របស់រដ្ឋបាលស្រុកកូនមុំ បានឲ្យដឹងថា នៅវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ មានករណីអគ្គីភ័យបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋចំនួន១ខ្នង ដែលមានម្ចាស់ឈ្មោះ ណុប ណោ អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូពេទ្យ ឯកជន និងប្រពន្ធឈ្មោះ ពេជ្យ ស្រីខួច មុខរបរជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិ៣ ឃុំ ត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

ករណីអគ្គិភ័យនេះ បណ្តាលឲ្យខូចខាតអស់ទាំងស្រុង ក្នុងនោះ ផ្ទះ ១ខ្នងធ្វើអំពីឈើ ប្រក់ ស័ង្កសី ទំហំ ១៤ម៉ែត្រ គុណ ១៧ម៉ែត្រ និង សម្ភារក្នុងផ្ទះអស់មួយចំនួនធំ។

មូលហេតុ ដែលបណ្តាលឲ្យអគ្គីភ័យឆាបឆេះនោះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ លោក ញ៉ែម សំអឿន បានពាំនាំនូវ ប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងបាន ជម្រាបជូនថា  ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់ គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅ គ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការ នយោបាយ ពូជសាសន៍ ឬសាសនាអ្វីឡើយ។

លោកប្រធានបានសម្ដែងនូវក្តីអាណិតអាសូរ និងសោយស្តាយជាពន់ពេកជាមួយ គ្រួសាររងគ្រោះដែលបានជួបនូវឧបទ្ទវហេតុ នេះ ហើយលោកបានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យប្រុងប្រយ័ត្ន អំពីគ្រោះមហន្តរាយនានា ជាពិសេសគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេលប្រសិនបើមានការធ្វេសប្រហែស។

ហេតុដូចនេះ មុននឹងចេញពីផ្ទះត្រូវពន្លត់ភ្លើង ចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេសការតភ្ជាប់បណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញមករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ ដើម្បីកុំមានការឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆក់មនុស្សស្លាប់ ឬបណ្តាលឲ្យកើតមានអគ្គីភ័យជាដើម។

អំណោយមនុស្សធម៌ ដែលបានប្រគល់ជូន គ្រួសាររងគ្រោះរួមមានៈលោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា ថវិកា ២លានរៀល ភេសជ្ជៈ ៣កេស និង ខោអាវ មុងភួយ។

សាខាកាកបាទក្រហម អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ ១យួរ ទឹកស៊ីអៀវ ១យួរ ទឹក ត្រី១យួរ ឃីត(មុង២ ភួយ២ សារុង២ ក្រមា២) ស័ង្កសី ២០សន្លឹក កៅស៊ូតង់ ១ កន្ទេល១ ឆ្នាំងបាយ១ ឆ្នាំងសម្ល១ ចាន បាយ១០ ចានសម្ល១០ និងស្លាបព្រា១០ ថវិកា ២០ ម៉ឺនរៀល។

រដ្ឋបាលស្រុកកូនមុំ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ ១យួរ ទឹកស៊ីអៀវ ១ យួរ ទឹកត្រី១យួរ និង ថវិកា ៦២ ម៉ឺនរៀល -រដ្ឋបាលឃុំត្រពាំងច្រេស ថវិកា ២៣ម៉ឺនរៀល និង ២០ដុល្លារ៕

Written by 

Related posts

Leave a Comment