ខេត្តរតនគិរី÷ ស្ពានឈើ២កន្លែងដាច់ដោយឡែកពីគ្នា បានទ្រុឌទ្រោមជាច្រើនឆ្នាំមកហើយ និងត្រូវបានជួសជុលធ្វើឡើងវិញ បន្ទាប់ពីអភិបាលស្រុកមើលឃើញពីទុកលំបាកដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ ឬដឹកកសិផលចេញចូល ស្ថិតក្នុងឃុំចំនួន២ គឺឃុំអូរជុំ និងឃុំសាមគ្គី ក្នុងស្រុកអូរជុំ ខេត្តរតនគិរី។
លោក គៀង តុលា អភិបាលស្រុកអូរជុំ បានឲ្យដឹងតាមប្រព័ន្ធតេលេក្រាម នៅរសៀលថ្ងៃទី២៤ធ្នូនេះ ថា ក្រោយពីបានដាច់ទឹកភ្លៀងនេះ រដ្ឋបាលស្រុកជាមួយនិងក្រុមការងារចុះទៅពិនិត្យមើលស្ថានភាពក្នុងភូមិប្រាក់ឃុំសាមគ្គី ទៅមើលឃើញថា ស្ពានមានការទ្រុឌទ្រោមជាខ្លាំង ខ្លាចគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ ស្ពានឈើនេះមានទទឹង ៣ម៉ែត្រ៦០ បណ្ដោយ១៨ម៉ែត្រ។
ហើយសម្រាប់ស្រុកអូរជុំរដ្ឋបាលស្រុកមានវិធានការកៀងគរសប្បុរសជន និងថវិការបស់លោកផ្ទាល់ក្នុងការជួសជុលធ្វើស្ពាន បានជោគជ័យរួចរាល់ជាស្ថាពរហើយ។
លោកអភិបាលស្រុកបានបញ្ជាក់ថា ចំណែកនៅខាងឃុំអូរជុំ ស្ពាននេះជាមូលនិធិរបស់រដ្ឋបាលឃុំអូរជុំស្រុកអូរជុំ ហើយក៏បានធ្វើរួចរាល់ហើយដែរ និងបន្តចាក់ផ្លូវបេតុងបន្ថែមទៀត សម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ។
គួរបញ្ជាក់ផងដែរថា តាំងពីលោកអភិបាលស្រុកមកកាន់នៅក្នុងមូលដ្ឋាននេះ លោកបានសហការជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានល្អ ពុំមានអំពើហិង្សាក្នុងគ្រួសារ ការជួញដូរគ្រឿងញៀន និងក្មេងទំនើង ដែលសង្គមកំពុងស្អប់ខ្ពើម។
ជាមួយគ្នានេះដែរ លោកក៏បានរៀបចំដាក់ភ្លើងសូឡាបំភ្លឺផ្លូវជាតិក្នុងមូលដ្ឋាន និងផ្លូវចូលទៅសាលាស្រុកអូរជុំ ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវមិនខ្លាចរអា៕