ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ទាហានកូរ៉េខាងជើងយ៉ាងតិច ១០០ នាក់ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នាសម្រាប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងប្រហែល ១០០០ នាក់ទៀតរងរបួស។ សេវាស៊ើបការណ៍សម្ងាត់ជាតិបានលើកឡើងពីតួលេខនេះ នៅពេលដែលផ្តល់ព័ត៌មានសង្ខេបដល់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភាអំពីការរកឃើញចុងក្រោយរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍។
សមាជិកសភាម្នាក់ដែលបានចូលរួមកិច្ចប្រជុំបិទទ្វារបានប្រាប់អ្នកយកព័ត៌មានថាក្នុងចំណោមទាហានកូរ៉េខាងជើងប៉ាន់ស្មានចំនួន ១១,០០០ ដែលត្រូវបានដាក់ពង្រាយនៅតំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ី ពួកគេខ្លះបានចូលរួមការប្រយុទ្ធនៅដើមខែនេះ។ សមាជិកសភារូបនេះបាននិយាយថា ទីភ្នាក់ងារនេះជឿថា កម្រិតនៃការស្លាប់ និងរបួសរបស់កូរ៉េខាងជើងអាចត្រូវបានសន្មតថាពួកគេកំពុងត្រូវបាន ប្រើប្រាស់ ជាទាហានជួរមុខនៅក្នុង សមរភូមិដែលមិនធ្លាប់ស្គាល់និងខ្វះការហ្វឹកហ្វឺនគ្រប់គ្រាន់ក្នុងសង្គ្រាមយន្តហោះគ្មានមនុស្សបើក។
សមាជិកសភារូបនេះបានបន្តថា ទីភ្នាក់ងារនេះក៏ជឿជាក់ផងដែរថា សូម្បីតែមុនពេលដែលទាហានកូរ៉េខាងជើងត្រូវបានបញ្ជូនទៅកាន់ជួរមុខក៏ដោយ ក៏មន្ត្រីជាន់ខ្ពស់របស់ពួកគេមួយចំនួនបានស្លាប់នៅក្នុងឧបទ្ទវហេតុហ្វឹកហាត់ ឬត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែន៕
ដោយ៖ ពេជ្រ