អាជ្ញាធរ បានឱ្យដឹង កាលពីថ្ងៃពុធថា យន្តហោះគ្មានមនុស្សបើក និងមីស៊ីលរុស្ស៊ីដ៏ធំមួយគ្រាប់បាញ់ចំទីក្រុង Ternopil ភាគខាងលិចប្រទេសអ៊ុយក្រែន ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥នាក់ រួមទាំងកុមារ ៣ នាក់ផងដែរ។

ការវាយប្រហារនេះ កើតឡើង អំឡុងពេលដែលលោកប្រធានាធិបតី Volodymyr Zelenskyy ធ្វើដំណើរទៅកាន់ប្រទេសទួរគី ដើម្បីស្វែងរកការគាំទ្រផ្នែកការទូតសម្រាប់ការប្រយុទ្ធរបស់លោកប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ការវាយប្រហារនេះផងដែរ ក៏ចំថ្ងៃដែលមន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណ បានធ្វើដំណើរទៅកាន់អ៊ុយក្រែន ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។ នេះបើយោងតាមយោធាអាមេរិក។
ក្រុមនេះ ដែលដឹកនាំដោយលោក Dan Driscoll រដ្ឋមន្ត្រីកងទ័ពអាមេរិក ត្រូវបានគេរំពឹងថានឹងជួបជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅទីក្រុងគៀវ នៅថ្ងៃព្រហស្បតិ៍នេះ ពេលលោក ត្រឡប់មកពីទួរគីវិញ។

របាយការណ៍មួយ បានផ្សព្វផ្សាយ កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក និងរុស្ស៊ី បានរៀបចំផែនការសន្តិភាពថ្មីមួយ ដែលមានសម្បទានសំខាន់ៗពីអ៊ុយក្រែន។ ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ មិនទាន់បានបញ្ជាក់ជាផ្លូវការអំពីផែនការនេះនៅឡើយទេ។
មន្ត្រីអាមេរិក ដែលទៅដល់ក្រុងគៀវ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៦ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីទៅលើទីក្រុង Ternopil ភាគខាងលិចប្រទេសអ៊ុយក្រែន។ រុស្ស៊ី បានចាប់ផ្តើមការឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំនៅឆ្នាំ ២០២២ ៕


ដោយ៖ ពេជ្រ
