កាសែត Financial Times បានដកស្រង់ប្រភពដែលថា ផែនការដោះស្រាយជម្លោះអ៊ុយក្រែនរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចែងថា មិនគួរមានកងទ័ពបរទេសណាត្រូវបានដាក់ពង្រាយនៅលើទឹកដីអ៊ុយក្រែនឡើយ។

ផែនការនេះ មិនរាប់បញ្ចូលការដឹកជញ្ជូនអាវុធរយៈចម្ងាយឆ្ងាយដែលផលិតដោយសហរដ្ឋអាមេរិក ទៅកាន់ប្រទេសនេះនោះទេ។
យោងតាមរបាយការណ៍ គំនិតផ្តួចផ្តើមនេះត្រូវបានព្រាងរួមគ្នាជាមួយរុស្ស៊ី ពីសំណាក់អាមេរិក។
ទោះជាយ៉ាងណា កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាការ៉ូវ៉ា បានប្រាប់ឱ្យដឹងថា ទីក្រុងមូស្គូ មិនបានទទួលព័ត៌មានណាមួយពីទីក្រុងវ៉ាស៊ីនតោន តាមរយៈបណ្តាញផ្លូវការទាក់ទងនឹងកិច្ចព្រមព្រៀងស្តីពីអ៊ុយក្រែននេះនៅឡើយទេ។
ទន្ទឹមនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ ក៏បានលើកឡើងថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន មិនបានធ្វើការលើគំនិតផ្តួចផ្តើមថ្មីណាមួយទាក់ទងនឹងការដោះស្រាយជម្លោះអ៊ុយក្រែនលើសពីកិច្ចព្រមព្រៀងដែលសម្រេចបានដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ នៅអាឡាស្កា នោះទេ៕

ដោយ៖ ពេជ្រ
