ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោក បើកចំហចំពោះការបញ្ជាឱ្យវាយប្រហារនៅក្នុងប្រទេសម៉ិកស៊ិក ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន មិនមែនប្រឆាំងនឹងអាជ្ញាធរម៉ិកស៊ិកឡើយ។

ថ្លែងទៅកាន់អ្នកយកព័ត៌មាន កាលពីថ្ងៃចន្ទ លោក ត្រាំ ត្រូវបានគេសួរថាតើលោកនឹងពិចារណាវាយប្រហារប្រទេសម៉ិកស៊ិក ឬបញ្ជូនកងទ័ពអាមេរិក ដើម្បីដោះស្រាយបញ្ហារត់ពន្ធគ្រឿងញៀនដែរឬទេ។ លោក បានឆ្លើយតបថា លោក យល់ព្រម។
លោក ត្រាំ បានបន្ថែមថា ខ្ញុំពិតជាយល់ព្រមឱ្យបើកការវាយប្រហារនៅក្នុងប្រទេសម៉ិកស៊ិក ដើម្បីបញ្ឈប់បញ្ហាគ្រឿងញៀន។ លោក បានបដិសេធមិននិយាយថាតើលោកនឹងស្វែងរកការអនុញ្ញាតពីប្រទេសម៉ិកស៊ិក ឬអត់នោះទេ ប៉ុន្តែអះអាងថាអាជ្ញាធររបស់ប្រទេសនេះដឹងពី «ជំហររបស់លោក»។
លោក បន្តថា យើងស្គាល់ពីអាសយដ្ឋានរបស់មេគ្រឿងញៀនទាំងអស់នៅទីនោះ។ ពួកគេកំពុងសម្លាប់ប្រជាជនរបស់យើង។
គួរបញ្ជាក់ថា បន្ទាប់ពីមានភាពតានតឹងជាមួយប្រទេសវេណេស៊ុយអេឡា ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះមក បច្ចុប្បន្នអាមេរិក ក៏កំពុងសម្លឹងមើលបញ្ហានេះ នៅក្នុងប្រទេសម៉ិកស៊ិកវិញម្ដង៕

ដោយ៖ ពេជ្រ
