ខេត្តរតនគិរី÷ មនុស្សពីរនាក់បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹងដេករណូករណែលពេញផ្លូវ ខណ:បើកបរដោយខ្វះការប្រុងប្រយ័ត្ន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១៩និង១០នាទី នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុ ខេត្តរតនគិរី។
លោក ម៉ា សំអាត នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានបញ្ជាក់ថា ម៉ូតូ១គ្រឿងម៉ាក HONDA WAVE ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1C-7637 បើកបរដោយឈ្មោះ ប៉ុក ថាវី ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងត្បូង មានទីលំនៅបច្ចុប្បន្ន ភូមិទេសអន្លុង សង្កាត់បឹងកន្សេង ក្រុងបានលុង ខេត្តរតនគិរី មិនបានពាក់មួកសុវត្ថិភាព រងរបួសស្រាល។ខណ:បើកបរពីត្បូងបត់ទៅលិចមិនបានប្រុងប្រយ័ត្នជាមុន ក៏បានប៉ះជាមួយនិងម៉ូតូHONDA SCOOPY កំពុងបើកបរផ្លូវត្រង់បុកពេញទំហឹងបណ្តាលឲ្យរងរបួសទាំងសងខាង។

លោក ម៉ា សំអាត បានបញ្ជាក់ទៀតថា ម៉ូតូ១គ្រឿងទៀតម៉ាក HONDA SCOOPY ស៊េរីឆ្នាំ២០១៥ ពណ៌ស ពាក់ស្លាកលេខ រតនគិរី 1B-2077 បើកបរដោយឈ្មោះ ម៉ម សាវ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មិនបានពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ ត្រូវថ្គាមខាងឆ្វេង។ ខណៈបើកបរផ្លូវត្រង់មកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូខាងលើបានបត់ឆ្លងកាត់ផ្លូវមិនប្រយ័ត្នបុកពេញទំហឹង។
ក្រោយពេលកើតហេតុអ្នករងរបួសត្រូវបានដឹកតាមរថយន្តសង្គ្រោះបន្ទាន់នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីព្យាបាល។
បច្ចុប្បន្ន មធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញរឹបអូសយកទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕


