យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីមួយគ្រឿង បានហោះបំបុកអគារអាផាតមិនមួយកន្លែងដែលមានមនុស្សរស់នៅ នៅភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីចុងសប្ដាហ៍មុន ដោយសម្លាប់មនុស្ស ៤ នាក់ និង ១២នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមអាជ្ញាធរអ៊ុយក្រែន។

ការវាយប្រហារនៅទីក្រុង Dnipro ដែលជាទីក្រុងធំទី ៤ របស់អ៊ុយក្រែន គឺជាផ្នែកមួយនៃការបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីដ៏ធំមួយនៅទូទាំងប្រទេស អ៊ុយក្រែន ដែលកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល។
ការវាយប្រហារនេះ បានសម្លាប់កម្មករម្នាក់នៃទីតាំងថាមពលនៅ Kharkiv ភាគខាងជើង នេះបើយោងតាមមន្ត្រីមូលដ្ឋាន។
សេវាសង្គ្រោះបន្ទាន់ រាយការណ៍ថា អគ្គីភ័យបានឆាបឆេះ ហើយអាផាតមិនជាច្រើនត្រូវបានបំផ្លាញនៅ Dnipro។ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពមនុស្ស ៤ នាក់ ខណៈដែលកុមារពីរនាក់ស្ថិតក្នុងចំណោមអ្នករងរបួស។
គួរបញ្ជាក់ថា រុស្ស៊ី បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកសរុបចំនួន ៤៥៨គ្រឿង និងមីស៊ីលចំនួន ៤៥ គ្រាប់ រួមទាំងមីស៊ីលផ្លោងចំនួន ៣២ គ្រាប់។ កងទ័ពអាកាស បាននិយាយថា កងកម្លាំងអ៊ុយក្រែន បាញ់ទម្លាក់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើកអស់ចំនួន ៤០៦គ្រឿង និងមីស៊ីលចំនួន ៩គ្រាប់ ដោយបន្ថែមថា គោលដៅចំនួន ២៥ ត្រូវបានវាយប្រហារ៕

ដោយ៖ ពេជ្រ
