ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី របស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ កាលពីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ចប់បេសកកម្មប្រកួតជើងឯកពិភពលោក លើកទី៨ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយជោគជ័យ ជាមួយការនាំមកនូវមេដាយសរុបចំនួន ២៣គ្រឿង(មាស ៧ ប្រាក់ ១១ និងសំរឹទ្ធ៥) និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា។

គួរដឹងថា កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនីចំនួន ២៩នាក់ និងប្រកួតលើ ២៦វិញ្ញាសា ក្នុងចំណោមវិញ្ញាសាជិត ៤០ នៃការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៨ ចាប់ពីថ្ងៃទី១-៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ ជាលទ្ធផលកម្ពុជា ដណ្ដើមបានមេដាយសរុប ២៣គ្រឿង(មាស ៧ ប្រាក់ ១១ និងសំរឹទ្ធ ៥) ឈរលេខ៣ ក្នុងចំណោម ២៩ប្រទេស បន្ទាប់ពីវៀតណាម ឈរលេខ១ និងអាល់ស៊េរី ឈរលេខ២ តែលជាការបំបែកំណត់ត្រាមេដាយឆ្នាំចាស់ ដែលកម្ពុជាដណ្ដើមបានមេដាយសរុប ២០គ្រឿង(មាស ៦ ប្រាក់ ៥ និងសំរឹទ្ធ ១១) កាលពីឆ្នាំ២០២៣៕


