ស្នងការនគរបាលខេត្តរតនគិរី៖ បើពលរដ្ឋណាប្រទះឃើញជនបង្កពាក់ព័ន្ធករណីបើកបុកម៉ូតូ២គ្រឿងស្លាប់និងរបួសធ្ងន់ស្រាល៤នាក់ជូនសាគុណចំនួន២លានរៀល

ខេត្តរតនគិរី ៖ ស្នងការរដ្ឋាននគរបាលខេត្តរតនគិរី ធ្វើការស្រាវជ្រាវ រកជនបង្កឈ្មោះ រចំ បា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចារ៉ាយ មានទីលំនៅភូមិសោមត្រក់ថ្មី ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានរត់គេចខ្លួន បន្ទាប់ពីបង្កគ្រោះគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ មិនទាន់បានយកមកផ្ដន្ទាទោសផង ស្រាប់តែពេលថ្មីៗនេះ មានការចេញផ្សាយដោយម្ដាយជនរងគ្រោះចោទប្រកាន់ថា សមត្ថកិច្ចមិនមានឆន្ទៈ ក្នុងការឃាត់ខ្លួនជនបង្ក យកមកទទួលខុសត្រូវមុខច្បាប់ទេ។

ជុំវិញការចោទប្រកាន់ខាងលើនេះ លោក ចៅ នាង ស្នងការង ជាអ្នកនាំពាក្យស្នងការដ្ឋាន នគរបាលខេត្តរតនគិរី បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកអូរយ៉ាដាវ បង្កដោយគោយន្តកែច្នៃ បណ្ដាលឲ្យអ្នកគ្រូបង្រៀនម្នាក់ និងក្មេងស្រីម្នាក់ទៀតស្លាប់ កាលពីអំឡុង ខែមីនា ឆ្នាំ២០២៥ ពិតប្រាកដមែន ក្រោយពីកើតហេតុអ្នកបើកបរ គោយន្តកែច្នៃបង្កហេតុ បានរត់គេចខ្លួនបាត់ បន្សល់ទុកតែគោយន្តនៅកន្លែងកើតហេតុ។

លោកបានបន្តថា ក្នុងករណីនេះដែរ ជំនាញចរាចរណ៍ជើងគោក នៃស្នងការរដ្ឋាននគរបាលខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ហើយសាលាដំបូងខេត្តរតនគិរី ក៏បានចេញដីកាបង្គាប់ឲ្យនាំខ្លួន អ្នកបើកបរគោយន្ត យកមកផ្ដន្ទាទោស។ ក៏ប៉ុន្តែរយៈពេល ៧ខែកន្លងមកនេះ ក្រោមការបញ្ជាផ្ទាល់ពីលោឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានពង្រាយកម្លាំងតាមបណ្ដាប៉ុស្ដិ៍ គ្រប់ស្រុក ក្នុងខេត្តរតនគិរី ឲ្យឃាត់ខ្លួនជនល្មើស ឲ្យខានតែបាន យកមកផ្ដន្ទាទោស លោកមិនបានទុកឲ្យជនល្មើសនៅក្រៅសំណាញ់ច្បាប់ឡើយ។

អ្នកនាំពាក្យបានបន្ថែមថា ធម្មតាក្រុមគ្រួសារ ឬ អ្នកម្ដាយ ដែលបាត់បង់កូនជាទីស្រលាញ់ គាត់មានអារម្មអន្ទះសារ ដោយចំណាត់ការមានរយ:ពេលយូរ ដូច្នេះគាត់ចោទប្រកាន់តាមអារម្មរបស់គាត់ប៉ុណ្ណោះ។

លោក ម៉ា សំអាត នាយការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា ករណីបង្កឡើងដោយគោយន្តកែច្នៃ១គ្រឿងបណ្តាលឲ្យមានមនុស្ស២នាក់ស្លាប់ និងរបួសធ្ងន់ស្រាល៤នាក់ មកទល់និងពេលនេះជនបង្កកំពុងតែរត់គេចខ្លួននៅឡើយ សមត្ថកិច្ចជំនាញកំពុងតាមស្រាវជ្រាវនិងឃាត់ខ្លួនជនបង្ក ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
លោក ម៉ា សំអាត បានបញ្ជាក់ទៀតថា មកដល់និងពេលនេះមិនមានតម្រុយណាមួយពីជនបង្កនោះទេ ហើយសមត្ថកិច្ចបានដាក់ពង្រាយកម្លាំងនៅតាមបណ្តាប៉ុស្តិ៍មួយចំនួនក្នុងស្រុកអូរយ៉ាដាវ ដើម្បីធ្វើការឃាត់ខ្លួននិងប្រគល់ទៅឲ្យតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ 

គួរបញ្ជាក់ថា ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥កន្លងទៅ បង្កឡើងដោយគោយន្តកែច្នៃ១គ្រឿង បើកបរស្របទិសគ្នា ក៏បុករ:ម៉ូតូ២គ្រឿង នៅពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ស្រាលមនុស្សចំនួន៤នាក់ និង២នាក់ទៀតបានបាត់បង់អាយុជីវិត។
  
ជុំវិញករណីនេះដែរលោកស្នងការក៏បានអំពាវនាវទៅដល់ពលរដ្ឋល្អដែលបានប្រទះឃើញជនបង្កខាងលើមេត្តាជួយផ្ដល់ព័ត៌មានមកសមត្ថកិច្ច លោកនិងផ្ដល់ជាប្រាក់រង្វាន់ចំនួន ២លានរៀលផងដែរ៕

Written by 

Related posts

Leave a Comment