នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌ នៃប្រទេសទាំងពីរបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ VTC ដើម្បីពិភាក្សា និងកំណត់តំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន លើការងារដោះមីនមនុស្សធម៌ ស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលត្រូវអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF)។
ការកំណត់តំបន់សាកល្បងសម្រាប់ដោះមីនមនុស្សធម៌នេះ ត្រូវធ្វើឡើងដោយស្របតាមលក្ខណវិនិច្ឆ័យ លក្ខខណ្ឌ និងជំហររបស់ភាគីនីមួយៗ ហើយសកម្មភាពដោះមីនមនុស្សធម៌ក្នុងតំបន់នេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ដែលជាសមត្ថកិច្ចរបស់គណៈកម្មការចំរុះព្រំដែន (JBC) នោះឡើយ។ ចំពោះទីតាំងដែលត្រូវបានដោះមីនរួចរាល់ ត្រូវរក្សាទុកក្នុងស្ថានភាពដើម រហូតដល់មានការសម្រេចពីគណៈកម្មការចំរុះព្រំដែន (JBC)។ ការងារដោះមីនមនុស្សធម៌នេះ ត្រូវធ្វើឡើងដោយឈរលើគោលការណ៍គោរពអធិបតេយ្យ និងបូរណភាពទឹកដី។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជា ព័ត៌មាន។



 
                                         
                                 
                                