ថ្លែងនៅក្នុងវេទិកាសារព័ត៌មានកាលពីព្រឹកថ្ងៃសុក្រនេះ ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានឱ្យដឹងថា សហគ្រាសក្នុងស្រុកសរុបប្រមាណ ២៧០ សហគ្រាស ដែលមានផលិតផលខ្មែរប្រមាណ ២០០ មុខ នឹងចូលរួមតាំងបង្ហាញ ក្នុងកម្មវិធីពិព័រណ៍ជំរុញការប្រើប្រាស់ផលិតផលខ្មែរនៅមជ្ឍមណ្ឌលពិព័រណ៌កោះពេជ្រ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ០៧ ខែវចិ្ឆកា ឆ្នាំ ២០២៥ ខាងមុខ។
គួររំលឹកថា ក្លិបអ្នកកាសែតកម្ពុជា និង FASMEC បានសហការរៀបចំវេទិកាសារព័ត៌មានស្ដីពី «រួមគ្នាផលិត រួមគ្នាប្រើប្រាស់ផលិតផលជាតិ» នៅព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ នៅទីស្នាក់ការកណ្តាល FASMEC រាជធានីភ្នំពេញ។
នាឱកាសនោះ ឧកញ៉ា តែ តាំងប៉ បានលើកទ្បើងថា ប្រជាពលរដ្ឋជាច្រើនកុះករបានផុសផុលគាំទ្រផលិតផលក្នុងស្រុក ដោយនឹកស្មានមិនដល់ ខណមានការលក់ដាច់ខ្លាំង ក្នុងអំឡុងពិព័រណ៍ លើកទី១ កាលពីថ្ងៃទី ១១-១៣ ខែ កញ្ញា កន្លងទៅ។
ឧកញ៉ា តែ តាំងប៉ ក៏បានស្នើផងដែរឱ្យផលិករ ផលិតឱ្យបានស្របតាមស្ដង់ដាសុវត្ថិភាព ហើយមិនត្រូវឆ្លៀតឱកាស ដំឡើងថ្លៃ យកផលចំណេញ ក្នុងពេលដែលប្រជាពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុកនោះទ្បើង៕











 
                                         
			 
                                 
                                