ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីចេតនារបស់លោកក្នុងការទៅទស្សនកិច្ចប្រទេសចិន នៅខែមេសា ឆ្នាំ២០២៦ ដោយនេះជាដំណើរទស្សនកិច្ចទៅវិញទៅមករបស់មេដឹកនាំចិន លោក Xi Jinping ទៅកាន់សហរដ្ឋអាមេរិក គ្រោងនឹងធ្វើឡើងនៅពេលក្រោយ។

លោកប្រធានាធិបតីអាមេរិក បានប្រាប់បែបនេះ បន្ទាប់ពីកិច្ចប្រជុំរវាងលោកជាមួយមេដឹកនាំចិន ដោយថា លោក និងលោក ស៊ី យល់ព្រមជាមួយគ្នារួចរាល់ហើយ។ ខ្ញុំនឹងទៅប្រទេសចិននៅខែមេសា ហើយ លោក ស៊ី នឹងទៅអាមេរិកវិញ។
លោកប្រធានាធិបតីអាមេរិក បានសង្កត់ធ្ងន់ថា ការពិភាក្សាជាមួយសមភាគីចិនរបស់លោកនៅទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង គឺជាកិច្ចប្រជុំដ៏ល្អសម្រាប់ប្រទេសធំៗ និងមានឥទ្ធិពលពីរ។ លោក បានបន្ថែមថា នេះជារបៀបដែលយើងបង្កើតទំនាក់ទំនងជាមួយប្រទេសធំៗ និងមានឥទ្ធិពលដូចគ្នា។

កិច្ចពិភាក្សាទ្វេភាគីរវាងលោក ស៊ី ជីងពីង និងលោក ត្រាំ បានប្រព្រឹត្តទៅនៅទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង រយៈពេល ១ម៉ោង និង ៤០នាទី។ នៅពេលចាប់ផ្តើមកិច្ចប្រជុំ លោក ស៊ី ជីនពីង បានអំពាវនាវឱ្យមានវឌ្ឍនភាពជាបន្តបន្ទាប់នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ហើយសង្កត់ធ្ងន់ថា អ្នកចរចាចិន និងសហរដ្ឋអាមេរិក ឈានដល់កិច្ចព្រមព្រៀងជាមូលដ្ឋានមួយ ស្តីពីការដោះស្រាយជម្លោះពាណិជ្ជកម្ម និងសេដ្ឋកិច្ចដ៏សំខាន់។
លោក ត្រាំ និងលោក ស៊ី ជីនពីង បានជួបគ្នាចុងក្រោយ កាលពីឆ្នាំ ២០១៩ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកា ៕

ដោយ៖ ពេជ្រ

 
                                         
			 
                                 
                                