ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្ស ចូលរួមលេងកីឡាឱ្យបានច្រើន ដើម្បីទទួលបានសុខភាពល្អ ឈានទៅលុបបំបាត់ភាពអសកម្មផ្សេងៗក្នុងសង្គម ពិសេស ការប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើងជាដើម។

ក្នុងឱកាសអញ្ជើញបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ពានរង្វាន់បាល់ទាត់អភិបាលខេត្តមណ្ឌលគិរី ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅកីឡដ្ឋានខេត្ត ស្ថិតក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី២៨ ខែតុលា ឯកឧត្តម ថង សាវុន មានប្រសាសន៍ថា ការអប់រំកាយ និងកីឡា ជាសមាសភាគមួយនៃវិស័យអប់រំ ដែលជាមធ្យោបាយហាត់ពត់ រាងកាយ និងបញ្ញាស្មារតីរបស់មនុស្សឱ្យមានការលូតលាស់ល្អ រក្សាកម្លាំងមាំមួន និងមានសុខភាពល្អ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ រៀបចំឱ្យមានបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ មានឧទ្យានបៃតង និងទីធ្លាសម្រាប់លំហាត់ប្រាណ និងលេងកីឡាដើម្បីសុខភាព និងសុខុមាលភាពប្រជាជនទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយបានដាក់ចេញនូវពាក្យស្លោកថា ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត។
ឯកឧត្តមបន្តថា កន្លងមកនៅក្នុងអាណត្តិទី៦ យើងទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ គឺព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយកម្ពុជា ទទួលបានមេដាយ ពីការប្រកួតសរុបចំនួន ២៨២គ្រឿង ដោយឈរលើលេខរៀងទី៤ ក្នុងចំណោម ១១ប្រទេស ក្នុងតំបន់អាស៊ាន និងប៉ារ៉ាហ្គេម លើកទី១២ ដោយកម្ពុជា ទទួលបានមេដាយពីការប្រកួតសរុបចំនួន ៧៣គ្រឿង ដោយឈរលើលេខរៀងទី៨ ក្នុងចំណោម១១ប្រទេស ក្នុងតំបន់អាស៊ាន នេះគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយ ដែលកូនខ្មែរគ្រប់រូបចងចាំជានិច្ច មិនអាចបំភ្លេចបានឡើយ ហើយសម្ដេចតេជោ ក៏បានប្រកាសនឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ខាងមុខនេះ។

ឯកឧត្តមបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តវេនដោយយកចិត្តទុកដាក់រៀបចំបណ្តុះបណ្ដាលពង្រឹង សមត្ថភាពយុវជនវ័យក្មេងឱ្យមានសមត្ថភាពខ្ពស់ ដើម្បីត្រៀមចូលរួមប្រកួតដណ្តើមមេដាយឱ្យបានច្រើន លើកស្ទួយកិត្តិយសជូនប្រទេសជាតិ ក្នុងព្រឹត្តិកាណ៍នៃការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។
បើយោងតាមលោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តពានរង្វាន់បាល់ទាត់ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែតុលានេះ មានប្រតិភូកីឡាចូលរួមសរុបចំនួន ១២ក្រុម ស្មើនឹង ៣០០នាក់ និងគណៈកម្មការរៀបចំការប្រកួតសរុបចំនួន ៥០នាក់។
លោក លី សាមិ បញ្ជាក់ថា ចំពោះលទ្ធផលបច្ចេកទេស ជ័យលាភីលេខ១ បានទៅលើក្រុមកីឡាករ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ខណៈជ័យលាភីលេខ២ បានទៅក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តមណ្ឌលគិរី និងជ័យលាភីលេខ៣ បានទៅលើក្រុមសមាគមសម្ព័នយុវជនមុស្លីមខេត្តមណ្ឌលគិរី៕








