គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បានប្រកាសឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា អត្តពលិករុស្ស៊ី និងបេឡារុស នឹងមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិករដូវរងាឆ្នាំក្រោយទេ ទោះបីជាពួកគេស្ថិតក្នុងកីឡាករអព្យាក្រឹតក៏ដោយ។
ប្រទេសទាំងពីរនេះ ត្រូវបានហាមឃាត់មិនឱ្យចូលរួមការប្រកួតប៉ារ៉ាឡាំពិក បន្ទាប់ពីការឈ្លានពានរបស់ទីក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០២២ ក៏ប៉ុន្តែទទួលបានសិទ្ធិជាសមាជិកភាពពេញលេញនៅក្នុងគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ បន្ទាប់ពីអង្គការសមាជិកបានបោះឆ្នោតលើកការព្យួរ កាលពីខែមុន ខណៈប្រទេសបេឡារុស គឺជាទីតាំងសំខាន់មួយក្នុងការរៀបចំការឈ្លានពាននោះ ។
តែទោះជាយ៉ាងណាក៏ដោយ សហព័ន្ធអន្តរជាតិមានសិទ្ធិសម្រេចសម្រាប់កីឡានីមួយៗ នៅក្នុងកម្មវិធីកីឡាប៉ារ៉ាឡាំពិក លើការទទួលខុសត្រូវក្នុងការកំណត់ ក៏ដូចជាលក្ខណៈសម្បត្តិរបស់អត្តពលិកក្នុងការចូលរួមប្រកួតប្រជែង។
លោក Andrew Parsons ប្រធាន IPC បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «IPC គោរពយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់មហាសន្និបាត IPC ដែលមិនត្រូវរក្សាការផ្អាកដោយផ្នែកនៃ NPC Belarus និង NPC Russia នឹងមានការគោរពយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់សហព័ន្ធអន្តរជាតិនីមួយៗ ទាក់ទងនឹងកីឡាដែលពួកគេគ្រប់គ្រងផងដែរ» ។
សូមជម្រាបផងថា ការប្រកួតព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិករដូវរងារ ២០២៦ នឹងរៀបចំនៅ Milano Cortina គ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៥ ខែមីនា ប្រទេសអ៉ីតាលី ៕

