ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ គឺជាថ្ងៃទីបី នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ០៩:០០នាទីកាលពីព្រឹកមិញនេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
នៅថ្ងៃនេះផងដែរ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀតលើខ្លឹមសារឯកសារសំខាន់ៗមួយចំនួន ដែលជាធាតុចូលក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។
សូមគូសបញ្ជាក់ថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ស្អែកនេះ។
ថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ – ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី




