រដ្ឋមន្ត្រីការបរទេសលោក Peter Szijjarto បាននិយាយ កាលពីថ្ងៃសុក្រថា ហុងគ្រី នឹងរៀបចំទទួលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទាំងចេញ និងចូលប្រទេសដោយសុវត្ថិភាព សម្រាប់កិច្ចប្រជុំកំពូលដែលគ្រោងទុកជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅទីក្រុងប៊ូដាប៉េស។

លោក ត្រាំ បានយល់ព្រម កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីរៀបចំកិច្ចប្រជុំកំពូលលើកទី ២ ជាមួយលោកពូទីន នៅរដ្ឋធានីហុងគ្រី ដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន។
ទន្ទឹមនោះ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ក៏បានលើកឡើងថា ការរៀបចំកិច្ចប្រជុំកំពុងដំណើរការ បន្ទាប់ពីមេដឹកនាំទាំងពីរ ព្រមព្រៀងគ្នា។
គួរបញ្ជាក់ថា តាមរយៈកិច្ចប្រជុំនេះ នឹងជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកពូទីន ទៅកាន់រដ្ឋជាសមាជិកសហភាពអឺរ៉ុបចាប់តាំងពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួនលោក ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ដែលជាចំណាត់ការដែលទីក្រុងម៉ូស្គូ ច្រានចោលថាជាហេតុផលនយោបាយ៕

ដោយ៖ ពេជ្រ