(ភ្នំពេញ)៖ នៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ថ្លែងទៅកាន់អង្គបាឋកថាស្តីពី«គំនិតផ្តួចផ្តើមអរិយធម៌សកល៖ វប្បធម៌Hehe (和合文化)»ដែលមានសមាសភាពសរុប៥០រូប អញ្ជើញមកពីមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រុមបញ្ញាញាណជាន់ខ្ពស់ ក្រុមអ្នកស្រាវជ្រាវ ក្រុមអ្នកវិភាគសង្គម និងក្រុមអ្នកសារព័ត៌មាន លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងថាវប្បធម៌Hehe ដែលជារួមបញ្ចូលនូវទស្សនវិជ្ជា វប្បធម៌ និងប្រព័ន្ធសាសនាចិនតាំងពីបុរាណរៀងមក ដោយប្រកាន់ខ្ជាប់នូវ «សន្តិភាព និង សមាហរណកម្ម»។ វប្បធម៌នេះបង្កើនការអភិវឌ្ឍភាពសុខដុមរមនា និង សន្តិភាពជាសកល ព្រមទាំងបានលើកស្ទួយឱ្យមនុស្សជាតិរស់នៅក្នុងសង្គមដោយការយោគយល់គ្នា ការគោរពភាពខុសគ្នា និងការរួបរួមសហការដើម្បីបង្កើនកិច្ចអភិវឌ្ឍជីវភាពតាមយុគសម័យ។ លោកបណ្ឌិតបានផ្តល់ទឡ្ហីករណ៍បន្ថែមថា វប្បធម៌ Hehe មិនត្រឹមតែជាមរតកវប្បធម៌បុរាណរបស់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងជាគុណតម្លៃសកលដែលមនុស្សជាតិអាចអនុវត្តបានគ្រប់ទីកន្លែង ហើយសម្រាប់ប្រទេសកម្ពុជា វប្បធម៌នេះមានភាពស្រដៀងនឹងគុណធម៌ខ្មែរដូចជា «សាមគ្គីភាព អត់ឱន មេត្តា និងករុណា» ដែលជាគន្លងដ៏សមស្របសម្រាប់ការរីកចម្រើនរបស់សង្គម និងការរស់នៅក្នុងសន្តិភាពជាមួយបណ្តាប្រទេសទាំងអស់ក្នុងសកលលោក។
លោកបណ្ឌិតបានឯកភាពតាមប្រសាសន៍របស់លោក Liu Wenzhi តំណាងមូលនិធិចិនPEACELANDប្រចាំកម្ពុជា និងលោក Fan Daqi អនុប្រធានវិទ្យាស្ថានចិនសម្រាប់ការស្រាវជ្រាវសហសម័យពិភពលោក ដែលលោកទាំងពីរបានគូសបញ្ជាក់ថា ការផ្សព្វផ្សាយវប្បធម៌ Hehe ក៏ត្រូវបានគេចាត់ទុកថា ជាវិធីមួយក្នុងការចូលរួមអនុវត្តគោលបំណង «សហការវប្បធម៌សម្រាប់សន្តិភាព» ដែលទាក់ទងទៅនឹងគំនិត «កិច្ចកសាងសហគមន៍ដែលមានជោគវាសនារួមនៃមនុស្សជាតិ» ផងដែរ។
គួរបញ្ជាក់ថា វប្បធម៌’和合’ មានន័យជាខេមភាសាថា វប្បធម៌ដែលលើកទឹកចិត្តដល់មនុស្សជាតិរួមរស់ដោយសន្តិភាព និងកិច្ចសហការល្អជាមួយគ្នា ហើយការរៀបចំបាឋកថាស្តីពី«គំនិតផ្តួចផ្តើមអរិយធម៌សកល៖ វប្បធម៌Hehe (和合文化)»ដែលបានសហការរៀបចំឡើងដោយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និង មូលនិធិចិនPEACELAND បានទទួលការគាំទ្រពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ ខ្លឹមសារនៃអង្គបាឋកថានេះថាជាជាវេទិកាសំខាន់ក្នុងគោលបំណងចម្បងក្នុងការផ្សព្វផ្សាយនិងបណ្តុះស្មារតីសន្តិភាព សាមគ្គីភាព និងការយោគយល់គ្នារវាងប្រជាជនកម្ពុជា និងប្រជាជនចិន តាមរយៈគុណតម្លៃវប្បធម៌ដ៏ជ្រាលជ្រៅនៃប្រាជ្ញាចិនដោយផ្តោតលើសន្តិភាព សាមគ្គីភាព ភាតរភាព និងមិត្តភាព៕





