នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu សង្ឃឹមថា ចលនាប៉ាឡេស្ទីនរ៉ាឌីកាល់ហាម៉ាស នឹងយល់ព្រមដាក់អាវុធចុះដោយសន្តិវិធី។

លោកនាយករដ្ឋមន្ត្រី បានប្រាប់ក្នុងបទសម្ភាសន៍មួយថា ជាដំបូង ក្រុមហាម៉ាសត្រូវតែបោះបង់ការប្រើអាវុធរបស់ខ្លួន។ ខ្ញុំសង្ឃឹមថាយើងអាចធ្វើរឿងនេះដោយសន្តិវិធី។
យោងតាម លោក Netanyahu បានបញ្ជាក់ថា សកម្មភាពនេះគឺចាំបាច់ដើម្បីធានាថាមិនមានរោងចក្រផលិតអាវុធណាមួយ នៅក្នុងតំបន់ហ្គាហ្សានោះទេ ថែមទាំងមិនមានការរត់ពន្ធអាវុធទេ។

ទន្ទឹមនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ក៏មានបំណងដកហូតអាវុធពីក្រុមហាម៉ាស់ដែរ។ លោក បានសង្កត់ធ្ងន់ថា ប្រសិនបើចលនានេះមិនព្រមបោះបង់អាវុធដោយស្ម័គ្រចិត្តទេនោះ នឹងត្រូវដកហូតអាវុធ ទាំងបង្ខំ។
គួរបញ្ជាក់ថា ជម្លោះនៅហ្គាហ្សា បានធូរស្បើយ ក្រោយផែនការសន្តិភាពរវាងលោក ត្រាំ និងលោក Netanyahu ដែលសម្រេចអនុម័តនាពេលថ្មីៗនេះ៕

ដោយ៖ ពេជ្រ