អង់គ្លេស ប្រកាសជួយតាមដានស្ថានភាពនៅហ្គាហ្សា ក្រោយបទឈប់បាញ់ដែរ

ការិយាល័យនាយករដ្ឋមន្រ្តី បានឱ្យដឹង បន្ទាប់ពីកិច្ចពិភាក្សារវាងលោក Keir Starmer និងព្រះអង្គម្ចាស់នៃប្រទេសកាតា Sheikh Tamim bin Hamad Al Thani នៅខាងក្រៅកិច្ចប្រជុំកំពូលសន្តិភាពនៅទីក្រុង Sharm el-Sheikh ថា ចក្រភពអង់គ្លេស នឹងចូលរួមក្នុងបេសកកម្មមួយ ដើម្បីតាមដានបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប។

សេចក្តីថ្លែងការណ៍ដដែល បានលើកឡើងថា ចក្រភពអង់គ្លេស ត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រដំណាក់កាលបន្តបន្ទាប់នៃបទឈប់បាញ់នៅហ្គាហ្សា។ លោក ក៏បានបញ្ជាក់ថាចក្រភពអង់គ្លេស នឹងដើរតួនាទីក្នុងការកសាងឡើងវិញនូវតំបន់ហ្គាហ្សា ចូលរួមក្នុងបេសកកម្មត្រួតពិនិត្យបទឈប់បាញ់ និងគាំទ្រដល់ដំណើរការនៃការកម្ទេចក្រុមហាម៉ាស រួមទាំងការពារតំបន់ពីការគំរាមកំហែងម្តងទៀត។

កាលពីថ្ងៃទី ២៩ ខែកញ្ញា សេតវិមាន បានចេញផ្សាយពីផែនការទូលំទូលាយរបស់លោកប្រធានាធិបតីអាមេរិក Donald Trump សំដៅដោះស្រាយជម្លោះនៅតំបន់ហ្គាហ្សា។ ផែនការនេះស្នើចេញ ២០ ចំណុច។

ឈានចូលថ្ងៃទី៩ ខែតុលា លោក Trump អះអាងថា អ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីដំណាក់កាលដំបូងនៃផែនការសន្តិភាព ដោយផ្ដោតលើការដោះលែងចំណាប់ខ្មាំងទាំងអស់ និងការដកទ័ពអ៊ីស្រាអែលទៅកាន់បន្ទាត់ព្រំដែន ដែលព្រមព្រៀងគ្នានៅហ្គាហ្សា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment