កូរ៉េខាងជើង បានចាប់ផ្ដើមក្បួនព្យុហយាត្រាយោធាដ៏ធំមួយ ដែលដាក់បង្ហាញពីនុយក្លេអ៊ែរអន្តរទ្វីបថ្មីរបស់ខ្លួន នៅចំពោះមុខភ្ញៀវកិត្តិយសអន្តរជាតិ ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីលោក គីម ជុងអ៊ុន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានផ្សាយ នៅថ្ងៃសៅរ៍នេះ។

ក្បួនដង្ហែនេះ បានចាប់ផ្តើមកាលពីល្ងាចថ្ងៃសុក្រ ក្នុងអំឡុងពិធីប្រារព្ធខួបលើកទី ៨០ នៃការបង្កើតគណបក្សកម្មករដែលកំពុងកាន់អំណាច។
ការប្រារព្ធខួបនេះ មានការចូលរួមពីនាយករដ្ឋមន្ត្រីចិន លោក Li Qiang, គណៈប្រតិភូមកពីប្រទេសរុស្ស៊ីដឹកនាំដោយអតីតប្រធានាធិបតី លោក Dmitry Medvedev, ក៏ដូចជាប្រធានបក្សកុម្មុយនិស្តវៀតណាម លោក To Lam ។

នៅក្នុងក្បួនព្យុហយាត្រាយោធា ប្រទេសកូរ៉េខាងជើង បានដាក់បង្ហាញអាវុធនុយក្លេអ៊ែរប្រភេទអន្តរទ្វីប Hwasong-20 កម្រិតខ្ពស់បំផុតរបស់ខ្លួនដែលជាប្រព័ន្ធអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរខ្លាំងបំផុត របស់ប្រទេស។
គួរបញ្ជាក់ថា នុយក្លេអ៊ែរប្រភេទ Hwasong មានសមត្ថភាពក្នុងការកំណត់គោលដៅគ្រប់ទីកន្លែងនៅលើដីគោករបស់សហរដ្ឋអាមេរិក ប៉ុន្តែសំណួរនៅតែមានអំពីភាពទំនើបនៃប្រព័ន្ធណែនាំដើម្បីទៅដល់គោលដៅមួយ និងសមត្ថភាពរបស់ក្បាលគ្រាប់ដែលវាផ្ទុក៕

ដោយ៖ ពេជ្រ