ពិធីបុណ្យជាតិចិន និងពិធីបុណ្យសែនព្រះខែ រយៈពេលប្រាំបីថ្ងៃ ដែលត្រូវបានគេស្គាល់ថា មហាសប្តាហ៍មាស (Super Golden Week) បានបង្ហាញឱ្យឃើញសាជាថ្មីម្តងទៀតនូវសន្ទុះ និងភាពធន់នៃទីផ្សារអ្នកប្រើប្រាស់ចិន និងសេដ្ឋកិច្ចរបស់ចិន។ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន ការលក់របស់សហគ្រាសលក់រាយ និងម្ហូបអាហារសំខាន់ៗ បានកើនឡើងជិត ៣% ហើយចំនួនអ្នកដំណើរតាមផ្លូវថ្មើរជើង និងតំបន់ពាណិជ្ជកម្មចំនួន ៧៨ បានកើនឡើង ៨,៨% ស្របពេលដែលប្រាក់ចំណូលរបស់អាជីវកម្មទាំងនោះ ទទួលបានកំណើន ៦% ក្នុងឱកាសមហាសប្តាហ៍មាសខាងលើ។
សន្ទុះនៃកំណើននេះ មិនត្រឹមតែបង្ហាញពីជំនឿទុកចិត្តរបស់អ្នកប្រើប្រាស់ចំពោះទីផ្សារចិននោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងពីភាពធន់យ៉ាងខ្លាំងក្លារបស់សេដ្ឋកិច្ចចិន ទោះបីជាពិភពលោកកំពុងជួបប្រទះនឹងការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ ឯកតោភាគីនិយម និងកំណើនសេដ្ឋកិច្ចយឺតក៏ដោយ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺ ការលេចចេញនូវនិន្នាការថ្មីនៃកំណើនចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ចិនចំពោះផលិតផលបៃតង ផលិតផលឆ្លាតវៃ និងផលិតផលវប្បធម៌ប្លែកៗ ដែលជាការរួមបញ្ចូលគ្នារវាងសោភ័ណភាពវប្បធម៌ប្រពៃណីចិន និងរចនាបទបែបទំនើប។
តួយ៉ាង ការលក់អាហារសរីរាង្គបៃតង បានកើនឡើង ២៧,៩% សម្ភារៈប្រើប្រាស់ឆ្លាតវៃក្នុងផ្ទះ បានកើនឡើង ១៤,៣% ហើយសម្លៀកបំពាក់បែបប្រពៃណីចិន បានកើនឡើង ១៤,១% បើធៀបនឹងរយៈពេលពេលដូចគ្នានៅឆ្នាំ២០២៤។ លើសពីតួរលេខ កំណើនទាំងនេះបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៃឥរិយាបថរបស់អ្នកប្រើប្រាស់ចិន ឆ្ពោះទៅរកចីរភាព នវានុវត្តន៍ និងទំនុកចិត្តផ្នែកវប្បធម៌។
ការកើនឡើងជាបន្តបន្ទាប់នៃការប្រើប្រាស់ផលិតផលបៃតង និងឆ្លាតវៃ ក្នុងទីផ្សារអ្នកប្រើប្រាស់ចិន នឹងជំរុញទំនើបកម្មសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងយុគសម័យថ្មី ហើយនឹងរួមចំណែកដល់ការកសាងពិភពលោកមួយប្រកបដោយនវានុវត្តន៍ ចីរភាព ភាពធន់ និងបរិយាបន្ន។
សន្ទុះដែលទទួលបានពីមហាសប្តាហ៍មាសខាងលើ គឺជាសក្ខីភាពមួយនៃភាពធន់ និងភាពរឹងមាំ នៃទីផ្សារអ្នកប្រើប្រាស់ចិន និងសមត្ថភាពរបស់រដ្ឋាភិបាលចិន ក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់ និងចីរភាព។ មិនថាស្ថានការណ៍ពិភពលោកមានការប្រែប្រួលឆាប់រហ័សយ៉ាងណា សេដ្ឋកិច្ចចិននៅតែបន្តរក្សាតុល្យភាពឆ្ពោះទៅរកកំណើនដែលជំរុញដោយការប្រើប្រាស់ និងនវានុវត្តន៍។ សមិទ្ធផលទាំងនេះ មិនមែនជាអ្វីដែលបានមកដោយចៃដន្យនោះទេ ប៉ុន្តែជាផ្លែផ្កានៃកិច្ចប្រឹងប្រែងឥតឈប់ឈររបស់រដ្ឋាភិបាលចិន ដែលតែងតែផ្តោតយកចិត្តទុកដាក់ខ្ពស់លើការពង្រីកការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយគុណភាពខ្ពស់ ការជំរុញនវានុវត្តន៍ និងការលើកកម្ពស់ទេសចរណ៍ ដែលអាចបំពេញតម្រូវការរបស់អតិថិជនចិនក្នុងគ្រប់កាលៈទេសៈ។
សរុបមកវិញ ខណៈដែលសន្ទុះ និងភាពរស់រវើកនៃទីផ្សារអ្នកប្រើប្រាស់ចិន ក្នុងឱកាសមហាសប្តាហ៍មាសខាងលើ ដើរតួនាទីជាកាតាលីករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចចិន វាបានបានបញ្ជូនសញ្ញាយ៉ាងច្បាស់ដល់សហគមន៍អន្តរជាតិឱ្យឃើញពីភាពធន់ខ្លាំងក្លារបស់សេដ្ឋកិច្ចចិន។ សម្លឹងមើលទៅមុខ ភាពធន់នៃទីផ្សារអ្នកប្រើប្រាស់ចិន និងភាពខ្លាំងក្លានៃសេដ្ឋកិច្ចចិន នឹងបន្តរួមចំណែកជាវិជ្ជមានដល់កំណើនពាណិជ្ជកម្ម និងទេសចរណ៍សម្រាប់តំបន់ និងពិភពលោក។
ដោយលោក ហ៊ូ ចំរើន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

