ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ ហើយដែលមិនទាន់មានការងារធ្វើ សូមចូលរួមក្នុងពិព័រណ៍ការងារតាមបណ្ដាខេត្តធំៗចំនួន ៤ រួមមានខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តព្រៃវែង និងខេត្តកំពង់ធំ ដើម្បីទទួលបានឱកាសការងារធ្វើក្នុងស្រុក ខណៈបច្ចុប្បន្ននៅសល់ឱកាសការងាររាប់ម៉ឺនកន្លែងថែមទៀត។

អ្នកនាំពាក្យក្រសួងការងារ បានថ្លែងកាលពីម្សិលមិញនេះថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តធំៗចំនួន៤ ដើម្បីផ្ដល់ឱកាសការងារជាង៨ម៉ឺនកន្លែង ជូនដល់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ ដែលមាន ការងារស្ថិតក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។

ឯកឧត្តមបន្ថែមថា ក្រៅពីទទួលបានឱកាសការងារភ្លាមៗហើយនោះ បងប្អូនពលករក៏នឹងមានឱកាសនៅក្នុងការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានរហូតដល់៤៥ជំនាញ នៅតាមបណ្ដាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទូទាំងប្រទេស ដោយឥតគិតថ្លៃ ហើយក៏នឹងទទួលបាននូវព័ត៌មានអំពីអត្ថប្រយោជន៍ ប.ស.ស. នៅពេលបងប្អូនចូលធ្វើការងារ ដែលរួមមាន អត្ថប្រយោជន៍ហានិភ័យការងារ ថែទាំសុខភាព និងប្រាក់សោធន។

ពិព័រណ៍ការងារនេះ បានរៀបចំរួចមកហើយ នៅខេត្តបាត់ដំបង កន្លងទៅនេះ ដោយមានបងប្អូនពលករជាច្រើននាក់ បានទទួលឱកាសការងារធ្វើ។ ចំណែកនៅចុងសប្ដាហ៍នេះ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងបន្តរៀបចំនៅខេត្តបន្ទាយមានជ័យ ហើយនៅខេត្តសៀមរាប នឹងរៀបចំចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ចំណែកនៅខេត្តព្រៃវែង និងខេត្តកំពង់ធំ នឹងរៀបចំចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា ខាងមុខនេះ៕

