លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ការផ្គត់ផ្គង់អាវុធថ្មីរបស់សហរដ្ឋអាមេរិកដល់កោះតៃវ៉ាន់ នឹងបង្កើនភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់។

ការលើកឡើងរបស់លោក Pengyu ដោយកត់សម្គាល់ទាក់ទងនឹងការពន្លឿនការបញ្ជូនជំនួយយោធាពីអាមេរិក ទៅកាន់កោះនេះ ។
លោក បានបន្ថែមថា ការផ្គត់ផ្គង់សព្វាវុធរបស់សហរដ្ឋអាមេរិក ដល់កោះតៃវ៉ាន់ គឺរំលោភលើកិច្ចព្រមព្រៀងដែលសម្រេចបាន កាលពីមុនរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។
លោក បន្តថា តៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន ហើយបញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ដោយមិនមានការជ្រៀតជ្រែកពីខាងក្រៅ។ ការធ្វើឱ្យទំនាក់ទំនងយោធារវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់កាន់តែស៊ីជម្រៅ នឹងមិននាំមកនូវសន្តិសុខដល់ប្រទេសនេះទេ។

អ្នកការទូតរូបនេះ សង្កត់ធ្ងន់ថា នេះនឹងបង្កើនភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងបង្កើនហានិភ័យនៃការប្រឈមមុខគ្នា។
ភាពតានតឹងរវាងចិន និងតៃវ៉ាន់ នៅតែបន្ត ខណៈសហរដ្ឋអាមេរិក ប្ដេជ្ញាឈរខាងកោះនេះ ក្នុងការការពារអធិបតេយ្យភាពជៀសវាងពីការឈ្លានពានរបស់ក្រុងប៉េកាំង៕

ដោយ៖ ពេជ្រ