ព្រះខ័នរាជស្វាយរៀង នៅតែរក្សាដំណែង កំពូលតារាង CPL គិតត្រឹមសប្ដាហ៍ទី៧

គិតត្រឹមសប្ដាហ៍ទី៧ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាលឆ្នាំ ២០២៥/២៦ ព្រះខ័នរាជស្វាយរៀង បន្តរក្សាដំណែងកំពូលតារាងមាន១៥ពិន្ទុ ដោយបានឆ្លងកាត់ ៦ប្រកួត ។ តាមពីក្រោយដោយ ភ្នំពេញក្រោន មាន១៤ ពិន្ទុនៅក្នុងដៃ និង ឆ្លងកាត់៦ ប្រកួតដូចគ្នា។ ចំណែកឯ អង្គរថាយហ្គឺរ ឈរនៅចំណាត់ថ្នាក់ទី៣ ដោយមាន ១២ពិន្ទុក្នុងដៃ ដែលឆ្លងកាត់ ៦ប្រកួត។

ចំណែកឯក្រុមតំណាងខេត្តកំពង់ស្ពឺ ណាហ្គាវើលដ៍ និងក្រុមបឹងកេតមាន១១ ពិន្ទុក្នុងដៃ និងបានឆ្លងកាត់៧ប្រកួតដូចគ្នា។ ប៉ុន្តែក្រុមនាគខៀវ បឹងកេត ហាក់ធ្វើមិនបានល្អឡើយនៅសប្ដាហ៍ទី៧នេះ ដោយបឹងកេត បានចាញ់អង្គរថាយហ្គឺរ ដោយលទ្ធផល ៣-០ នៅលើទឹករបស់ថាយហ្គឺរ នារាត្រីថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

បើក្រឡេកទៅមើល ក្រុមកងយោធពលខេមរភូមិន្ទ  គឺមាន១០ ពិន្ទុក្នុងដៃដោយឆ្លងកាត់ ៦ ប្រកួត និងក្លឹបវិសាខា បានខិតខំដណ្ដើមបាន៩ ពិន្ទុ ចំពោះ ៧ ប្រកួតរបស់ពួកគេ។ ទន្ទឹមគ្នានេះ ក្លឹប អឹម អូ អាយ កំពង់ដេវ៉ាមានតែ ៨ ពិន្ទុប៉ុណ្ណោះ ក្នុងចំណោម ៧ ប្រកួតរបស់ពួកគេ។

ចំណែកឯ ក្រុមមាន់គកគិរីវង់សុខសែនជ័យ តំណាងខេត្តតាកែវឆ្លងកាត់ ៦ប្រកួត នឹងរកបាន ៤ ពិន្ទុ។ ចំណែក ក្រុមឡាយហ្វខេត្តព្រះសីហនុ ដណ្ដើមបាន៣ពិន្ទុ ពីការប្រកួតទី៦ របស់ពួកគេ ដោយបានយកឈ្នះ ក្រុម អាយ អេស អាយ ដង្កោសែនជ័យ ដោយលទ្ធផល ១-០ ក្នុងទឹកដីអាយ អេស អាយ ផ្ទាល់តែម្ដង៕(CPL)

Written by 

Related posts

Leave a Comment