ផ្លូវ Sam Sen នៅមុខមន្ទីរពេទ្យ Vajira ក្នុងខណ្ឌ Dusit ទីក្រុងបាងកក បានបាក់ស្រុតជម្រៅ ៥០ ម៉ែត្រ នៅវេលាម៉ោង ៧ ព្រឹក ថ្ងៃទី២៤ ខែកញ្ញានេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

យោងតាមអាជ្ញាធរជំនាញ បានបញ្ជាក់ថា ការបាក់ស្រុតនេះកើតចេញមកពីដីហូរចូលបំពង់បង្ហូរទឹកបណ្ដាលឱ្យស្ទះនឹងធ្លាយទឹកប៉ះពាល់ដល់ផ្លូវខាងលើតែម្ដង។ ខណៈក៏មានការដ្ឋានកំពុងសាងសង់ផ្លូវរូងក្រោមដី Purple Line នៅក្នុងតំបន់នោះ ផងដែរ។ គម្រោងផ្លូវក្រោមដីដ៏ធំនេះលាតសន្ធឹងកាត់តាមផ្លូវ Sam Sen នៅក្រោមទន្លេ Chao Phraya និងបន្តឆ្ពោះទៅ Suksawat ។

គួរបញ្ជាក់ថា គ្រោះមហន្តរាយបានកើតឡើងនៅចំណុចស្មុគស្មាញបំផុតមួយនៅតាមបណ្តោយផ្លូវ មុខមន្ទីរពេទ្យ Vajira ។ នៅទីនេះ វិស្វករកំពុងសាងសង់បណ្តាញផ្លូវរូងក្រោមដីដ៏ស្មុគស្មាញ និងទីធ្លាក្រោមដី ដោយមានផ្លូវរូងក្រោមដី ២ នៅជម្រៅខុសៗគ្នាដោយមួយ ១៥ ម៉ែត្រចុះក្រោម មួយទៀត ៣០ ម៉ែត្រ។ បើយោងតាមអាជ្ញាធរ បញ្ជាក់ថា ការដំណើរការសាងសង់ផ្លូវរូងក្រោមដី ក៏ជាផ្នែកដែលនាំឱ្យមានការបាក់ស្រុតផ្លូវដ៏ធំនេះផងដែរ៕

ដោយ៖ ពេជ្រ