ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីស្រាអែល នឹងមិនបើកការវាយប្រហារណាមួយលើប្រទេសកាតា ទៀតនោះទេ។

មេដឹកនាំអាមេរិករូបនេះ បានប្រាប់អ្នកកាសែតនៅសេតវិមានថា លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu នឹងមិនអនុញ្ញាតឱ្យមានការវាយលុកចូលក្នុងប្រទេសកាតា ទៀតទេ។
លោក ត្រាំ ក៏បានច្រានចោលរបាយការណ៍ដែលថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ជូនដំណឹងជាមុនអំពីផែនការរបស់រដ្ឋជ្វីហ្វ ក្នុងការវាយប្រហារទីស្នាក់ការកណ្តាលនៃចលនាហាម៉ាសប៉ាឡេស្ទីន នៅទីក្រុងដូហាជាថ្មី។
អ៊ីស្រាអែល ធ្លាប់បានធ្វើការវាយប្រហារជាបន្តបន្ទាប់លើមន្ត្រីជាន់ខ្ពស់របស់ហាម៉ាស់នៅទីក្រុងដូហា កាលពីថ្ងៃទី ៩ ខែកញ្ញា។ ចលនាប៉ាឡេស្ទីន បានរាយការណ៍ពីការស្លាប់មនុស្ស ៦ នាក់ រួមទាំងកូនប្រុសរបស់មេដឹកនាំក្រុមហាម៉ាស់នៅហ្គាហ្សាស្ទ្រីបលោក Khalil al-Hayya និងមន្ត្រីសន្តិសុខកាតាម្នាក់។ របាយការណ៍អំពីការស្លាប់របស់មន្ត្រីជាន់ខ្ពស់ហាម៉ាស មិនត្រូវបានបញ្ជាក់នោះទេ៕

ដោយ៖ ពេជ្រ