ខេត្តកណ្ដាល ៖ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម នូ សាខន បានថ្លែងថារដ្ឋបាលខេត្តកណ្ដាលនឹងផ្អាកការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមរាជរដ្ឋាភិបាលក្នុងការបន្តការអនុវត្តបទឈប់បាញ់ដោយពេញលេញនិងម៉ឺងម៉ាត់ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹកនិងពលករខ្មែរធ្វើការនៅប្រទេសថៃដែលវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ។

ការថ្លែងបែបនេះរបស់ ឯកឧត្ដម នូ សាខន ធ្វើទ្បើងក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី១៦ អាណិត្តទី៤ នៅរសៀល ថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម នូ សាខន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ គណៈអភិបាលខេត្ត មន្ត្រីរាជការ អាជ្ញាធរក្រុង-ស្រុកដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារសណ្ដាប់ធ្នាប់ក្នុងការរៀបចំដាក់ឱ្យដំណើរការនូវអាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់4F ក្នុងក្រុងតាខ្មៅ ខេត្ត កណ្ដាល កាលពីថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងមកនេះ។

ថ្លែងក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម គួច ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមកទស្សនាអាកាសយានដ្ឋានតេជោ ដែលជាព្រលានយន្តហោះប្រវត្តិសាស្ត្រនេះ សូមរក្សានូវសណ្ដាប់ធ្នាប់ និងរបៀបរៀបរយឱ្យបានល្អ បញ្ជៀសការកកស្ទះចរាចរណ៍ ធ្វើយ៉ាងណាមិនត្រូវប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិឡើយ។ យើងទាំងអស់គ្នាត្រូវធ្វើជាគម្រូល្អឱ្យសាកសមជាប្រជាពលរដ្ឋខ្មែរ ប្រកបដោយសេចក្ដីថ្លៃថ្នូរ។
សូមជម្រាបដែរថា ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាខេត្តបានធ្វើការពិនិត្យ ពិភាក្សា អនុម័ត ទៅលើរបាយការណ៍លទ្ធផលការងារ និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តនានា ដែលសរុបមានចំនួន ៨របៀបវារៈ សំខាន់ៗ៕




