គម្រោង១០០០ថ្ងៃ នៃសមាគមបណ្តុះកុមារ ដែលបានអនុវត្តន៍​រយ:​ពេល​៥ឆ្នាំក្នុងខេត្តរតនគិរី

ខេត្តរតនគិរី÷ សិក្ខាសាលាបិទបញ្ចប់គម្រោង ១០០០ថ្ងៃដំបូង (ពង្រឹងភាពធន់របស់គ្រួសារតាមរយៈសន្តិសុខស្បៀងនិងអាហារូបត្ថម្ភសម្រាប់កុមារនិងស្ត្រីដែលងាយរងគ្រោះ) ក្នុងខេត្តរតនគិរី ក្នុងស្រុកគោលដៅចំនួន២ គឺស្រុកវើនសៃ (មាន៩ឃុំ ស្មើនឹង ៣៤ភូមិគោលដៅ) និង ស្រុកតាវែង (មាន២ឃុំ ស្មើនឹង ២០ភូមិ) នៃខេត្តរតនគិរី។

អង្គសិក្ខាសាលានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងសាលមហោស្រពនៃមន្ទីរ វប្បធម៌ និង វិចិត្រសិល្បៈ ខេត្តរតនគិរី ដោយមានការចូលរួមពី ក្រសួងអភិវឌ្ឍន៍ជនបទ កម្មវិធីជាតិអាហារូបត្ថម្ភ មន្ទីរសុខាភិបាល មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកិច្ចការនារី អង្គការ សមាគម មិនមែនរដ្ឋាភិបាល និង អាជ្ញាធរមូលដ្ឋាន ស្រុកឃុំគោលដៅ ព្រមទាំងប្រជាពលរដ្ឋដែលទទួលផលពីគម្រោង១០០០ថ្ងៃ ទាំងអស់ សរុប ១៦៩នាក់ (ស្រី៤៩នាក់)។

លោក សុក សុទ្ធីរក្ស នាយកប្រតិបត្តិនៃសមាគមបណ្តុះកុមារ បានលើកឡើងថា សិក្ខាសាលាបិទបញ្ចប់គម្រោង១០០០ថ្ងៃ ដែលបានអនុវត្តន៍រយ:ពេល៥ឆ្នាំ មកទល់នឹងពេលនេះ (ដោយគិតចាប់ផ្តើមតាំងពីខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ ខែតុលាឆ្នាំ២០២៥) ហើយគម្រោង១០០០ថ្ងៃនេះ នឹងត្រូវបានបញ្ចប់ក្នុងខែតុលាឆ្នាំ២០២៥ខាងមុខនេះ។ យើងត្រូវអបអរសាទរចំពោះសមិទ្ធផល និងបទពិសោធន៍ល្អៗ ដែលយើងបានអនុវត្តន៍គម្រោងរួមគ្នា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។

លោក សុក សុទ្ធីរក្ស បានបញ្ជាក់បន្ថែមទៀតថា គម្រោង១០០០ថ្ងៃនេះ បានទទួលថវិកាពី រដ្ឋាភិបាលប្រទេសអាល្លឺម៉ង់ (BMZ) និង អង្គការភ្លែនអន្តរជាតិអាល្លឺម៉ង់ តាមរយៈអង្គការភ្លែនអន្តរជាតិកម្ពុជា។

លោក សុក សុទ្ធីរក្ស បានបង្ហាញថា គម្រោង១០០០ថ្ងៃនេះ បានផ្តល់កិច្ចអន្តរាគមន៍គាំទ្រលើ វិស័យសុខភាពនិងអាហារូបត្ថម្ភ វិស័យទឹកស្អាតនិងអនាម័យ ការលើកកម្ពស់សន្តិសុខស្បៀង និងប្រាក់ចំណូល ព្រមទាំងរួមចំណែកពង្រឹងសមត្ថភាពដល់ដៃគូអនុវត្តន៍ មានដូចជា អាជ្ញាធរមូលដ្ឋាន បុគ្គលិកមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ និងជនបង្គោលក្នុងសហគមន៍៕

Written by 

Related posts

Leave a Comment