ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានច្រានចោលសំណើរបស់លោកខាងលិច សម្រាប់ការដាក់ពង្រាយដែលអះអាងថាជា “កម្លាំងធានាសន្តិសុខ” នៅក្នុងប្រទេសអ៊ុយក្រែន ដោយព្រមានថា កងទាហានទាំងអស់នោះនឹងក្លាយជាគោលដៅត្រូវវាយប្រហារផងដែរ។

យោងតាមប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា សម្ព័ន្ធមិត្តអ៊ុយក្រែនចំនួន ២៦ ប្រទេស ប្តេជ្ញាជាផ្លូវការក្នុងការដាក់ពង្រាយកងទ័ពទាំងគោក សមុទ្រ និងផ្លូវអាកាស ដើម្បីជួយធានាសន្តិសុខ ក្នុងអំឡុងចន្លោះពេលបទឈប់បាញ់ណាមួយ។ លោក មិនបានបញ្ជាក់លម្អិតអំពីប្រទេសណាមួយដែលនឹងពាក់ព័ន្ធនោះទេ។
លោក ពូទីន តែងតែអំពាវនាវឱ្យបោះបង់គំនិតផ្តួចផ្តើមរបស់សម្ព័ន្ធមិត្តអ៊ុយក្រែននេះ ដោយព្រមានថា កងទ័ពណាដែលដាក់ពង្រាយនៅក្រុងគៀវ នឹងក្លាយជា “គោលដៅវាយប្រហារដ៏ស្របច្បាប់” ឱ្យតែឃើញវត្ដមានពួកគេនៅសមរភូមិ ទោះបីជាផែនការដាក់ពង្រាយមិនទាន់អនុវត្តន៍ឥឡូវក៏ដោយ។
គួរបញ្ជាក់ថា ប្រទេសលោកខាងលិច និងអឺរ៉ុប តែងតែប្ដេជ្ញាបញ្ជូនទ័ពរបស់ខ្លួនមកប្រយុទ្ធនៅអ៊ុយក្រែន ដែលជាទង្វើមួយលោក ពូទីន ថ្កោលទោសដាច់ខាត និងព្រមានកម្ទេច ហើយមានតែពន្យារពេលសង្គ្រាមប៉ុណ្ណោះ៕


ដោយ៖ ពេជ្រ