រាជធានីភ្នំពេញ៖ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោក វេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាគណៈអធិបតី រួមជាមួយ លោកបណ្ឌិត Shaharuddin Onn ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា និងលោក Lokman Izam Abd Aziz អនុប្រធានក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី ក្នុងកម្មវិធីសប្តាហ៍សុខភាពកម្ពុជា៖ ការចែករំលែកបទពិសោធន៍ នៃសេវាថែទាំសុខភាពលំដាប់ពិភពលោករបស់ប្រទេសម៉ាឡេស៊ីជាមួយប្រទេសកម្ពុជា សហការរៀបចំដោយស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា និង Malaysia Healthcare Travel Council (MHTC) ដោយមានអ្នកចូលរួមប្រមាណ១០០នាក់ នៅសណ្ឋាគារ Shangri-La ។

លោករដ្ឋលេខាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតប្រទេសម៉ាឡេស៊ី និងក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមរដ្ឋលេខាធិការ បានគូសរំលេចថា សេវាកម្មថែទាំសុខភាព របស់ម៉ាឡេស៊ីត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដូច្នេះព្រឹត្តិការណ៍ថ្ងៃនេះនឹងចែករំលែកមេរៀនបទពិសោធន៍ របស់ម៉ាឡេស៊ី ពង្រីកកិច្ចសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលវេជ្ជសាស្ត្រ ការគ្រប់គ្រងសេវាមន្ទីរពេទ្យ ការស្រាវជ្រាវ ព្រមទាំងនវានុវត្តន៍និងការផ្ទេរបច្ចេកវិទ្យា។ កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែធ្វើឱ្យសុខភាព ប្រជាជនកាន់ប្រសើរប៉ុណ្ណោះទេ ថែមទាំងពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រជាជាតិទាំងពីរ កម្ពុជា-ម៉ាឡេស៊ី។

លោកបណ្ឌិត Shaharuddin Onn បានមានប្រសាសន៍ថា វេទិកាថ្ងៃនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តបន្ថែមទៀត ក្នុង ការពង្រឹងភាពជាដៃគូរវាងផ្នែកសាធារណៈនិងផ្នែកឯកជន ដែលជាអាទិភាពមួយរបស់ក្រសួងសុខាភិបាល ក៏ដូចជាការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ម៉ាឡេស៊ី លើវិស័យសុខាភិបាល ដើម្បី ឈានសម្រេចបានការគ្រប់ដណ្តប់សុខភាពជាសាកលនាឆ្នាំ២០៣៥ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុរេសកម្ម និងចក្ខុវិស័យវែងឆ្ងាយប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ ក្នុងនាមអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯលោក Anwar Ibrahim នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ព្រមទាំងរដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ព្រមទាំងដឹកនាំការអនុវត្តបទឈប់បាញ់នេះ ដើម្បីឈានទៅរកប្រក្រតីភាពឡើងវិញរវាងទំនាក់ទំនងកម្ពុជា-ថៃ៕





