ប្រទេសន័រវេស បានប្រកាសផ្តល់ប្រព័ន្ធការពារដែនអាកាសដែលមានតម្លៃប្រហែល ៧ ពាន់លានក្រូន័រ (ជាង ៦៩៥ លានដុល្លារ) ដល់ប្រទេសអ៊ុយក្រែន។

របាយការណ៍ បានឲ្យដឹងថា ន័រវែស កំពុងផ្តល់វិភាគទានជាប្រព័ន្ធការពារដែនអាកាសតម្លៃប្រហែល ៧ ពាន់លានក្រូន សម្រាប់លោក ហ្សេលេនស្គី ។
យោងតាមរបាយការណ៍ បញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសនឹងត្រូវបានបញ្ជូនពីប្រទេសអាល្លឺម៉ង់ទៅកាន់អ៊ុយក្រែន។
រដ្ឋាភិបាលន័រវេស ក៏បានប្រកាសកិច្ចព្រមព្រៀងជាមួយប្រទេសអាល្លឺម៉ង់លើការទិញប្រព័ន្ធកាំជ្រួចការពារដែនអាកាស Patriot ចំនួន ២ គ្រឿង ជាមួយនឹងការបំពេញបន្ថែមនូវតម្រូវការសម្រាប់ទីក្រុងគៀវ។
ទន្ទឹមនោះ អ៊ុយក្រែន ក៏នឹងទទួលបានផ្តល់ជាមួយនឹងរ៉ាដា TRML-4D របស់អាល្លឺម៉ង់ដែលផលិតដោយ Hensoldt និងប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លី Typhon 2 ផលិតដោយ Kongsberg ផងដែរ។
គួរបញ្ជាក់ថា អាល្លឺម៉ង់ ជាប្រទេសផ្គត់ផ្គង់អាវុធធំទីពីរដល់អ៊ុយក្រែន បន្ទាប់ពីអាមេរិក។ កន្លងមក បានផ្តល់នូវជំនួយជាច្រើនប្រភេទដែលមានតម្លៃជាង ៤០ ពាន់លានអឺរ៉ូដល់ទីក្រុងគៀវ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះប្រដាប់អាវុធ។ ភាគីរុស្ស៊ី បានកត់សម្គាល់ម្តងហើយម្តងទៀតថា ការផ្គត់ផ្គង់ក្រុងគៀវ នូវអាវុធគ្រាន់តែពន្យារពេលជម្លោះប៉ុណ្ណោះ៕

ដោយ៖ ពេជ្រ