គណៈបញ្ជាការឯកភាពខេត្តកំពត ក្នុងដើមខែសីហា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងចម្រុះរបស់ស្នងការនគរបាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថ មន្ត្រីជំនាញ និងដោយមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត និងអាជ្ញាធរពាក់ព័ន្ធ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនិងអនុវត្តន៍នីតិវិធីច្បាប់លើបណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាក់ទងនឹងករណីផ្សេងៗគ្នា នៅក្នុងភូមិសាស្ត្រខេត្តកំពត ដោយបានឈានទៅឃាត់ខ្លួនជនសង្ស័យ និងចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យជាមេខ្លោង សរុបចំនួន១៤នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ និងឃាតកម្មដោយអំពើឃោរឃៅ ដើម្បីឈានទៅផ្តន្ទាទោសតាមនីតិវិធីច្បាប់ ព្រមទាំងបានសង្គ្រោះជនបរទេសជាជនរងគ្រោះពីក្រុមឧក្រិដ្ឋជនទៀតផង។
ចំពោះប្រតិបត្តិការបង្រ្កាបចាប់ពីថ្ងៃទី ០៨ សីហា ដល់ថ្ងៃទី ១២ សីហា ២០២៥ បានទទួលលទ្ធផលដូចខាងក្រោម៖ បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងករណីឃាតកម្មដោយមានទារុណកម្មនិងអំពើឃោរឃៅ នៅបូរី Villa Crown (តំបន់ ៣) និងអគារ (តំបន់ ៤) ចំណុចលើភ្នំបូកគោ ស្ថិតក្នុងភូមិរលួស សង្កាត់ បឹងទូក ក្រុងបូកគោ ខេត្តកំពត ចំនួន ០២ករណី ។ ដោយករណីទី០១: កម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យផ្ទះវីឡាកើតហេតុ ហើយបានរកឃើញ និងដកហូតសម្ភារបម្រើឱ្យការឆបោក (Online Scam) ជាច្រើន រួមមាន៖ ទូរសព្ទដៃចំនួន ៣០១គ្រឿង កុំព្យូទ័រ Desktop ចំនួន ៣៩គ្រឿង iPad ចំនួន ០១គ្រឿង Tablet ចំនួន ១៤គ្រឿង។ ជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនខ្លួនទៅតុលាការ និងកំពុងបន្តនីតិវិធីស្វែងចាប់ខ្លួនមេខ្លោងដែលនៅពីក្រោយរឿងនេះ ។ ករណីទី០២: កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី១០ ខែសីហា ២០២៥ អធិការដ្ឋាននគរបាល ក្រុងបូកគោ បានទទួលព័ត៌មានថា មានករណីមនុស្សស្លាប់ក្នុងរថយន្ត ពេលនោះកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងបានឃើញជនរងគ្រោះឈ្មោះ SONG JINXIN ភេទប្រុស កើតថ្ងៃទី០៧ ខែ កុម្ភៈ ឆ្នាំ១៩៩២ ជនជាតិចិន ដេកស្លាប់ក្នុងរថយន្ត។ តាមរយៈតម្រុយនេះ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណទីតាំង កើតហេតុ ដែលជាអគារប្រើប្រាស់សម្រាប់ប្រតិបត្តិការឆបោក (Online Scam) ជនសង្ស័យ ០៤នាក់ បានសារភាពថាខ្លួនពិតជាមេខ្លោងក្នុងអំពើទារុណកម្មនេះពិតប្រាកដមែន។
ក្នុងប្រតិបត្តិការនោះ បានរកឃើញ ទូរសព្ទដៃចំនួន ៣៥គ្រឿង ដែលបម្រើឱ្យការឆបោកតាមបច្ចេកវិទ្យា (Online Scam)។ សម្ភារទាំងនោះត្រូវបានរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តកំពត ហើយអគារនោះត្រូវបានឃុំបេជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធី។ បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ សមត្ថកិច្ចយើងកំពុងឃាត់ខ្លួនបណ្តោះអាសន្នដើម្បីបញ្ជូនទៅតុលាការ និងបន្តនីតិវិធីស្វែងចាប់ខ្លួនមេខ្លោងដែលនៅពីក្រោយរឿងនេះ។ ក្នុងប្រតិបត្តិការបង្រ្កាបនេះដែរ សមត្ថកិច្ចចម្រុះក៏បានជួយសង្គ្រោះជនជាតិកូរ៉េជាង១០នាក់ឱ្យរួចផុតចេញពីមណ្ឌលឆបោកផងដែរ។
ដោយឡែកក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ លោក ឈុន ច័ន្ទសីហា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ បានចេញដីកាចំនួន០៥ផ្សេងៗ ដោយបង្គាប់ឱ្យឃុំខ្លួនជនបរទេសចំនួន៥រូប ពាក់ព័ន្ធអំពើឃាតកម្មដោយអំពើឃោរឃៅ និងសង្ស័យបទល្មើសបទឆបោកអនឡាញ។ ចំពោះគឺជនត្រូវចោទនោះទី១ ឈ្មោះ AYE AYE ភេទប្រុស អាយុ២១ ឆ្នាំ ជាជនជាតិភូមា មុខរបសន្តិសុខអនឡាញ ទី២ ឈ្មោះ WEI HUAN MO ភេទប្រុស កើតឆ្នាំ១៩៨៤ ជនជាតិចិន មានមុខរបមេក្រុមបុគ្គលិកអនឡាញ ទី៣ ឈ្មោះ ZHAO YANG LONG ភេទប្រុស កើតឆ្នាំ១៩៨៧ ជនជាតិចិន មុខរបរម្ចាស់ហាងម៉ាហ្សា ទី៤ ឈ្មោះLIU LONG FU ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកអនឡាញ និងទី៥ ឈ្មោះ MIE SAN JLANG ភេទប្រុសកើតឆ្នាំ១៩៩២ ជនជាតិចិន។ ជនត្រូវចោទទាំង៥នាក់ខាងលើនេះ ស្នាក់នៅលើភ្នំបូកគោស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ។
ក្រៅពីនេះ ប្រតិបត្តិការបង្ក្រាប ក្រោមការដឹកនាំរបស់ លោក ប៊ុង ហ៊ុយ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត បានដាក់ជនសង្ស័យចំនួន៥នាក់ ឱ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន។ ទី១- ឈ្មោះ RONG GEN YU ហៅ ឡៅជាវ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន ទី២ – HUANG GUANG CHENG ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ៣- ឈ្មោះ SHU CHAO YUE ហៅ ជីន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន និង ៤-ឈ្មោះ ZOU DE HUA ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន និង៥-ឈ្មោះ អៀង វិបុល ភេទប្រុស អាយុ៣៧ឆ្នាំ ពីបទដឹកជញ្ជូនដោយមានគោលដៅ លក់-ជួញដូរមនុស្ស ប្រព្រឹត្តនៅចំណុចស្ថានីយប្រេងឥន្ធនៈសូគីមិច ស្ថិតនៅភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ។
ក្នុងក្របខ័ណ្ឌនៃការបង្រ្កាបទ្រង់ទ្រាយធំនេះ រាល់ករណីនិងទីតាំងពាក់ព័ន្ធទាំងអស់ ត្រូវបានគណៈបញ្ជាការឯកភាពខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូង ស្នងការនគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត អនុវត្តន៍នីតិវិធីច្បាប់ ដោយបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ និងយាមកាមតឹងរឹង និងបញ្ឈប់សកម្មល្មើសពាក់ព័ន្ធនឹងករណីទាំងអស់បានទាំងស្រុង៕







