ការប្រកួតក្របខណ្ឌ La Liga រវាង Villarreal ទល់នឹង Barcelona ក្នុងខែធ្នូ អាចនឹងក្លាយជាការប្រកួតលីគអឺរ៉ុបដំបូងគេដែលនឹងត្រូវលេងនៅបរទេស បន្ទាប់ពីសហព័ន្ធបាល់ទាត់អេស្ប៉ាញបានអនុម័តផែនការរៀបចំការប្រកួតនៅសហរដ្ឋអាមេរិក។
ឥឡូវនេះ RFEF នឹងស្វែងរកការអនុញ្ញាតពី FIFA និង Uefa ដើម្បីផ្លាស់ទីតាំងការប្រកួតទៅកាន់កីឡដ្ឋាន Hard Rock ដែលស្ថិតក្នុងទីក្រុង Miami ជាទីដែលរៀបចំព្រឹត្តិការណ៍ World Cup 2026 ចំនួន ៧ប្រកួតផងនោះ។
ដើមឡើយការប្រកួតនេះគ្រោងនឹងលេងនៅកីឡដ្ឋាន Estadio de la Ceramica របស់ Villarreal នៅថ្ងៃទី ២១ ខែធ្នូ។ ប៉ុន្តែ RFEF បាននិយាយយោងតាមស្មារតីនៅក្នុងកិច្ចប្រជុំនាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ក្រុមប្រឹក្សាបានទទួលសំណើពីក្លិប Villarreal CF និង FC Barcelona ក្នុងប្រកួតទី១៧ របស់ពួកគេក្នុងលីគ យកទៅប្រកួតនៅទឹកដីអាមេរិកជំនួសប្រទេសអេស្ប៉ាញវិញ ស្របពេលសហព័ន្ធក៏បានកំពុងរៀបចំដាក់សំណើទៅ FIFA ដើម្បីបានប្រកួតនៅថ្ងៃទី២០ ខែធ្នូចុងឆ្នាំដែរ»៕
