កណ្ដាល ៖ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ លើវឌ្ឍនភាពរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងបើកការហោះហើរសាកល្បង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក, អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4F ក្រុងតាខ្មៅ ខេត្ដកណ្ដាល នឹងបើកការហោះហើរសាកល្បង ប្រភេទយន្ដហោះខ្នាតធំ A320 នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ និងយន្ដហោះខ្នាតធំ២ទៀត នៅដើមខែក្រោយ។
អ្នកឧកញ៉ា បានឲ្យដឹងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានការធ្វើតេស្ដសាកល្បង ចំនួន២ដងរួចមកហើយ ជាលក្ខណៈបច្ចេកទេស ហើយខាងអាកាសចរស៊ីវិល ក៏បានទទួលស្គាល់ និងបានចេញអាជ្ញាបណ្ណផងដែរ។

លោក បានបញ្ជាក់ថា គិតមកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់បាន១០០% ទាំងប្រព័ន្ធបច្ចេកវិទ្យា ទាំងការគ្រប់គ្រង ខណៈព្រលានថ្មីនេះ គ្រោងបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ។
បន្ថែមពីនោះទៀត អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ដែរថា ក្រុមហ៊ុនហោះហើរ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក៏បានត្រៀមរៀបចំរួច រាល់ ហើយ ក្នុងការផ្ទេរមកអាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ៕





